ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ចំណុច ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់អង្គការសង្គមស៊ីវិលទាំង៦០ ដែលបង្ហាញក្តីបារម្ភ អំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា

83

ភ្នំពេញ ៖ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសារចំនួន ៥ចំណុច ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់អង្គការសង្គមស៊ីវិលទាំង៦០ ដែលបង្ហាញក្តីបារម្ភ អំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា។

ការបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា របស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០នេះ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវ របស់ក្រុមអង្គការសង្គមស៊ីវីលមួយក្តាប់តូចនេះ ដោយហេតុថា៖

១. តាំងពីដំបូងមក ក្រុមសង្គមស៊ីវិលជាអ្នកស្នើសុំបង្កើតស្ថាប័ននេះ និងទទួលយកទៅរៀបចំដោយខ្លួនឯង តាំងពីឆ្នាំ១៩៩៧មកម្លះ។ ដោយការងារនេះស្ថិត ក្នុងដៃសង្គមស៊ីវិលយូរឆ្នាំពេក និងមិនបានចេញជារូបរាងឡើងនោះ ទើបរាជរដ្ឋាភិបាលសម្រេចយកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះ ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំនិងរៀបចំនៅក្នុងឆ្នាំ២០១៩។

២. ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃ រារាំង និងរិះគន់ពីប្រសិទ្ធភាពការងាររបស់ស្ថាប័ននេះទៅហើយ។ ពួកគេមិនគួរណាបារម្ភពេកទេអំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើកចិត្តឱ្យទូលាយ ចូលរួម សហការ និងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះ សម្រេចបានជោគជ័យ និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការ ពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង។

៣. សេចក្តីព្រាងដំបូងនៃច្បាប់នេះ បានប្រគល់ជូនទៅក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ តាមរយៈការរិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ដើម្បីធ្វើការពិនិត្យនិងផ្តល់យោបល់មកវិញ តែផ្ទុយទៅវិញ ពួកគេមិនខ្ចីមើលនិងពិនិត្យផ្តល់យោបល់មកវិញទេ បែជាធ្វើការរិះគន់ និងរារាំងដល់ការបង្កើតស្ថាប័ននេះទៅវិញ។

៤. ការបង្ហាញក្តីបារម្ភរបស់ពួកគេ ពីគោលការណ៍ទីក្រុងប៉ារីស និងគោលការណ៍អន្តរជាតិមួយចំនួនទៀត ពាក់ព័ន្ធនឹងឯករាជ្យភាព ការចូលរួម និងអណត្តិការងាររបស់ស្ថាប័ននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានមើល និងអានសេចក្តីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនេះ បានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្តីព្រាងដំបូងនៃច្បាប់នេះ។

៥. សម្រាប់ទស្សនវិស័យសិទ្ធិមនុស្សរបស់ក្រុមសង្គមស៊ីវិលមួយក្តាប់តូចនេះ គឺទាល់តែគណបក្ស ដែលពួកគេគាំទ្រ និងជាសម្ព័ន្ធមិត្តរបស់ពួកគេ បានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងជាពេលសក្តិសមក្នុងការបង្កើតស្ថាប័ននេះ ដែលនេះបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈ និងសកម្មភាពនយោបាយរបស់ពួកគេ ដោយជ្រកក្រោមស្លាកអង្គការសង្គមស៊ីវីលនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង