ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី

136

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩ និងដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ។

   ការជំនួញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីនិងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ

  ក្នុងពីធីនោះ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ។ចំណែក លោក ជា ពិសី ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ  ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកវិញ។

  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួនបាននិងកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងនេះ។ លោកបញ្ជាក់ថា យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩  ពិសេសវីរុសបំលែងថ្មីប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញនៅរាជធានីភ្នំពេញនិងនៅទូទាំងប្រទេស។

  លោកឃួង ស្រេង ក៏បានជំរុញឲ្យមានការល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសនិងទប់ស្កាត់បាននូវការជួបជុំការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

បន្ថែមពីលើនេះទៀត លោកក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោកឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវដែលត្រូវបានផ្ទេរតំណែងនៅព្រឹកនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អប្រសើរពិសេស ទប់ស្កាត់ឲ្យបាននូវការហ៊ាចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ។

  បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងពីរអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យនៃការកាត់ផ្ដាច់ជំងឺកូវីដ១៩នេះ។ ត្រូវធ្វើទំនាក់ទំនងគ្នាឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សានិងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់អោយបាននូវទំនាស់ដីធ្លីដែលកើតឡើងថ្មីទៀត។

  លោកឯក ឃុនដឿន ក្នុងឱកាសនោះក៏បានធ្វើការប្តេជ្ញាចិត្ត ដោយគាំទ្រសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដើម្បីបំពេញការងារនិងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវអោយបានរីកចំរើនមួយកម្រិតថែមទៀត

 

អត្ថបទដែលជាប់ទាក់ទង