ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើ ឃាត់ជនសង្ស័យ៤នាក់ និងកេតាមីន(រាវ) ទម្ងន់ ៥ គីឡូក្រាម
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ប្រភេទសារធាតុញៀន(រាវ) កេតាមីន( KETAMINE ) ក្នុងដបជរ័ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់សុទ្ធ ៥ គីឡូក្រាម តាមកញ្ចប់បញ្ញើ តាមរយៈក្រុមហ៊ុន DHL ពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា ។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) លោកដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ បានសហការជាមួយគយ និងរដ្ឋាករប្រចាំឃ្លាំងទំនិញ(CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយៈក្រុមហ៊ុន DHL ដែលបង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជរ័ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០គីឡូក្រាម(គិតទាំងសំបក)។
នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តការស៊ើបអង្កេត ដោយអនុវត្តតាមនីតិវិធីប្រគល់ដោយមានការឃ្លាំមើល សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក លឹម ប៊ុនសុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឈានទៅបង្ក្រាបនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល ៖
ឃាត់ខ្លួនជនសង្ស័យ ៤នាក់ : ១-ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន E89753382។ ២-ឈ្មោះ ឆូយ ប៊ុនវុទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ FU XIN MING ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន EE2807074។ ៤-ឈ្មោះ HU XIAO HUI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន EE7058599។ ចាប់យកវត្ថុតាង : -សារធាតុញៀន កេតាមីន(KETAMIE)៦០ដប ទម្ងន់សុទ្ធ ៥ គីឡូក្រាម ១៣៤.២០ក្រាម (បើគិតទាំងសំបក ១០គីឡូក្រាម)។
ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី ៕