ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រគល់អាវុធជាវត្ថុតាង ដែលរឹបអូស ជូនអគ្គស្នងការដ្ឋាននគរបានជាតិ

88

 

ភ្នំពេញ ៖ កាំភ្លើងវែងខ្លីចំនួន ៥៦១ ដើម ដែលជាវត្ថុតាងត្រូវបានរឹបអូសដោយអំណាចសាលក្រមនៃសំណុំរឿងព្រហ្មទណ្ឌ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនអគ្គស្នងការដ្ឋាននគរបានជាតិ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

ឯកឧត្ដម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពិធីប្រគល់អាវុធវែង និងខ្លីមួយចំនួនធំ ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុវត្តតាមនីតិវិធីកន្លងមកតាមការបង្ក្រាបបទល្មើសដូចជា បទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ លួច ប្លន់ និងបទល្មើសផ្សេងៗទៀតមួយចំនួន។ ការប្រមូលអាវុធជាតិផ្ទុះជាវត្ថុតាង ដែលយើងបានដំណើរការរយៈពេលជាងដប់ឆ្នាំកន្លងមក ដោយពិនិត្យតាមតួលេខ និងគុណភាព មានអាវុធមួយចំនួនអាចប្រើបាន និងមួយចំនួនទៀតមិនអាចប្រើបាន។ ក្រោយពីបានទទួលការឯកភាពពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលជាស្ថាប័នទទួលគ្រប់គ្រងអាវុធជាតិផ្ទុះ របស់ក្រសួងមហាផ្ទៃ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំប្រគល់អាវុធជាតិផ្ទុះខាងលើជូននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដែលមានឯកឧត្ដមឧត្ដមសេនីយ៍ទោ ជា សណ្ដាប់ ប្រធាននាយកដ្ឋានគ្រប់គ្រង អាវុធជាតិផ្ទុះ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានមានមតិចំពោះអង្គពិធីថា អាវុធចំនួន ៥៦១ ដើម ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកនេះ ដើម្បីយកប្រើប្រាស់សម្រាប់រក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមជាតិ ព្រោះអាវុធមួយចំនួននៅមានគុណភាពអាចប្រើប្រាស់បាន និងមួយចំនួនទៀតមិនអាចប្រើប្រាស់បាន សូមចាត់ចែងតាមការគួរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សណ្តាប់ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ មានប្រសាសន៍ថា អាវុធជាតិផ្ទុះដែលជាវត្ថុតាង និងវត្ថុចាប់យក ដែលបានរឹបអូសតាមអំណាចសាលក្រម និងប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលនេះ មានកាំភ្លើងចំនួន ៥៦១ដើម គ្រាប់កាំភ្លើងចំនួន ២៥៥៦ គ្រាប់ ស្រោមកាំភ្លើងចំនួន ២ កាណុងកាំភ្លើងចំនួន ២ និងដំបងឆក់ចំនួន ១។
ចំពោះអាវុធទាំងអស់នេះនឹងយកទៅពិនិត្យគុណភាពបច្ចេកទេស បើអាវុធដែលអាចប្រើប្រាស់បាននឹងបំពាក់ជូនកងកម្លាំងនគរបាលជាតិ តាមតួនាទីរបស់នាយកដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នសាធារណៈ ដែលកំពុងថែរក្សាទុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់សំសេវលើសពីតម្រូវការប្រើប្រាស់ក្នុងអង្គភាព ក៏ដូចជាអាវុធដែលទទួលបាន ពីមន្ត្រីអស់នីតិសម្បទា ឬមរណៈ សូមឱ្យអង្គភាពសាមីចាត់ចែង និងប្រគល់ជូន ក្រសួងមហាផ្ទៃ តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីគ្រប់គ្រងរក្សាទុកវិញឱ្យស្រមទៅតាមនីតិវិធីច្បាប់ដែលបានកំណត់។
ឯកឧត្តមឧត្តមសេនីយ៍ទោ ក៏បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរចំពោះឯកឧត្ដមប្រធានសាលាដំបូង ឯកឧត្ដមព្រះរាជអាជ្ញា និងមន្ត្រីទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រាប់ការប្រគល់អាវុធជាវត្ថុតាងទាំងនេះ និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងស្ថាប័នតុលាការ និងអគ្គស្នងការនគរបាលជាតិ ដើម្បីរួមគ្នារក្សានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សន្តិសុខសណ្ដាប់ធ្នាប់សង្គមជាតិ និងសុខសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងមកក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង