វឌ្ឍនភាពនៃការចរចា បើកផ្លូវក្នុងការនាំផ្លែតាង៉ែន ហៅផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្នុងគោលបំណងពន្លឿនការងារចរចា ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀន ស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងដំណាក់កាល នៃការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកសំណើផ្ញើជូនទៅឯកឧត្ដមឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាលើកទីពីរ ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ ទៅអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ លោកជំទាវ ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិន ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ជាកិច្ចឆ្លើយតប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អគ្គរដ្ឋបាលគយចិន ដែលមាននាយកដ្ឋានភូតគាមអនាម័យ និងអនាម័យសត្វ បានគោរពជម្រាបជូនលោកជំទាវ អគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិនថា៖ យើងខ្ញុំមានសេក្តីរីករាយសូមជូនដំណឹងជ្រាបថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់នាំចូលមកប្រទេសចិនទទួលបានការវិវត្តមួយកម្រិត។ យោងតាមការផ្តល់ឯកសារបច្ចេកទេស របស់ភាគី កម្ពុជា និងការស្រាវជ្រាវលើឯកសារ ភាគីចិនបានធ្វើការវាយតម្លៃ សមាសភាពចង្រៃដែលកើតមានលើ ផ្លែមៀនកម្ពុជា និងជាបឋមយើងបានជ្រើសរើសនូវសមាសភាពចង្រៃ ចំនួន៨ប្រភេទ ដែលភាគីចិន យកចិត្តទុកដាក់៖ ១. Bactrocera dorsalis, ២) Bactrocera tau. ៣) Paracoccus interceptus, ៤) Planococcus lilacinus, ៥) Planococcus minor, ៦) Dysmiscoccus lepelleyi, ៧) Dysmicoccus lepelleyi, ៨)Pseudococcus jackbeardsleyi ។
ទន្ទឹមនឹងនេះ ភាគីចិនបានស្នើឲ្យភាគីកម្ពុជា ធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រាវ និងការដាក់ចេញវិធានការ សម្រាប់ទប់ស្កាត់ និងកម្ចាត់សមាសភាពសត្វចង្រៃ ទាំង៨មុខខាងលើនេះ។ ភាគីចិនបានសន្យាថា នឹងបន្តធ្វើការវាយតម្លៃ នៅពេលភាគីកម្ពុជាឆ្លើយតបមកវិញ។
ជាចុងក្រោយនៃលិខិតឆ្លើយតបរបស់ភាគគីចិន បានបញ្ជាក់ថា៖ សង្ឃឹមថា ភាគីទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញការងារលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសចិន ឲ្យទទួលបានជោគជ័យ ៕