ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋកម្ពុជា ជាងពាក់កណ្តាល ស្លាប់ដោយសារជំងឺមិនឆ្លង៤ប្រភេទ

141


ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញដល់ក្រសួងពាក់ព័ន្ធ ចូលរួមឆ្លើយតបនឹងភាពប្រឈមថ្មីៗដែលកើតឡើង ដោយសារជំងឺមិនឆ្លង ដើម្បីឆ្លើយតប ទៅនឹងផែនការសកម្មភាពពហុវិស័យជាតិ ដូចជា ជំងឺចំនួន៤ប្រភេទ រួមមាន ជំងឺបេះដូងសរសៃ ឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃគឺជាមូលហេតុនៃការស្លាប់ជាងពាក់ កណ្ដាល ក្នុងចំណោមការស្លាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងក្នុងឱកាសប្រកាសដាក់ឲ្យប្រើប្រាស់ ផែនការសកម្មភាពពហុវិស័យជាតិ ស្ដីពី ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧ នៅសណ្ឋាគារមួយនៅភ្នំពេញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការកើន ឡើងនៃជំងឺបេះដូង សរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ហើយជំងឺទាំងនេះ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងថែមទៀត ដោយសារតែផលវិបាក បណ្ដាមកពីឥរិយាបថ របៀបរបបរស់នៅ និងបរិស្ថានដែលកំពុងតែមានការប្រែប្រួល។ ជំងឺមិនឆ្លង ជាជំងឺរ៉ាំរ៉ៃបណ្ដាលឱ្យមានពិការភាព បាត់បង់ពលកម្ម និង កំពុងតែគំរាមកំហែងដល់ភាពក្រីក្រកាន់តែខ្លាំង និងមានការខាតបង់សេដ្ឋកិច្ចជាតិ យ៉ាងច្រើនថែមទៀត។ ឯកឧត្តមបានលើកជាវិធានការសម្រាប់ការពារ និងការប្រយុទ្ធជំងឺ មិនឆ្លង ដ៏មានប្រសិទ្ធភាព ដែលត្រូវអនុវត្តន៍នោះ គឺត្រូវតែដោះស្រាយកត្តាប្រឈមចំនួន៤ ដែលទាក់ ទងនឹងការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារ ដែលគ្មានសុវត្ថិភាព និងកង្វះកាយវប្បកម្ម។

លោកសាស្ត្រាចារ្យ បានថ្លែងទៀតថា ផែនការសកម្មភាពពហុវិស័យជាតិ ស្តីពី ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងនេះ បានចូលរួមចំណែកកសាង និងកែលម្អ ក្នុងពេលកន្លងមក រហូតបានសម្រេចរួចរាល់នៅពេលនេះ គឺជាសមិទ្ធផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះវាជាតំរូវការចាំបាច់ សម្រាប់កាត់បន្ថយ និងទប់ស្កាត់ចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើងនៃជំងឺមិនឆ្លង។ ដូច្នេះ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាយ៉ាងសកម្ម ដើម្បីសម្រេចទៅតាមផែនការដែលបានដាក់ចេញនេះ ពិសេសស្របទៅនឹងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងកាត់បន្ថយភាពក្រីក្រ តាមរយៈកាត់បន្ថយនៃជំងឺ ពិសេសជំងឺមិនឆ្លងនេះ ។

រដ្ឋមន្ដ្រីបន្ដថា ការរីករាយដាលជំងឺមិនឆ្លងនៅកម្ពុជា មិនអាចដោះស្រាយបាន ដោយក្រសួងសុខាភិបាលតែមួយនោះទេ ហើយមូលហេតុចម្បងជាច្រើន និងកត្ដាកំណត់សុខភាព នៃជំងឺមិនឆ្លង ស្ថិតនៅក្រៅក្រសួងសុខាភិបាល ដូចជាកត្ដាចំណីអាហារ និងបរិស្ថានដែលរស់នៅ ។ ដូចនេះផែនការសកម្មនេះ ដាក់ចេញនូវសកម្មភាពនានា សម្រាប់ក្រសួងពាក់ព័ន្ធ និងរបៀបអនុវត្ដន៍សកម្មភាព ដែលកសាងបន្ដពីអាទិភាព ដែលបានកំណត់ នៅក្នុងផែនការយុទ្ធសាស្ដ្រជាតិ សម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០១៣-២០២០ របស់ក្រសួងសុខាភិបាល ហើយសកម្មភាពនេះ ក៏ចង្អុលបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាព។

លោក Nick Beresford នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក UNDP បាននឹងកំពុងដឹកនាំ នូវការអនុវត្ដន៍ករណីនៃការវិនិយោគ ទៅលើថ្នាំជក់ ដើម្បីគាំទ្រដល់គោលនយោបាយផ្អែកទៅលើភស្ដុតាង ក៏ដូចជាការចូលរួម របស់វិស័យដទៃរបស់សុខាភិបាល ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។ របកគំហើញពីករណីវិនិយោគ ទៅលើវិស័យថ្នាំជក់នេះ គឺនឹងត្រូវបានដាក់បញ្ជូល នៅក្នុងករណីវិនិយោគនៃជំងឺមិនឆ្លង។

លោក Liu Yunguo តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា យើងបានប្ដេជ្ញាចិត្ដរួចហើយ ក្នុងការចូលរួមឆ្លើយតបនឹងភាពប្រឈមថ្មីៗ ដែលកើតឡើងដោយសារជំងឺមិនឆ្លង ដោយដាក់ចេញនូវគោលការណ៍សម្រាប់ជំងឺមិនឆ្លងថ្នាក់ជាតិ ឆ្នាំ២០២៥ ការអភិវឌ្ឍគោលនយោបាយ និងផែនការពហុវិស័យ ថ្នាក់ជាតិ កាត់បន្ថយជំងឺមិនឆ្លង ដោយផ្អែកលើមគ្គុទេសក៍ ដែលបានកំណត់ នៅក្នុងផែនការសកម្មភាព ស្ដីពី ជំងឺមិនឆ្លងរបស់អង្គការសុខភាពពិភពលោក នឹងពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីដោះស្រាយជំងឺមិនឆ្លងតាមរយៈ ការថែទាំសុខភាពជាបឋម ដោយផ្អែកលើប្រជាពលរដ្ឋ និងការពង្រីក នូវការគ្របដណ្ដប់សេវាសុខភាពជាសកល។

លោកបានបន្ថែមទៀតថា តាមរយៈផែនការសកម្មភាពពហុវិស័យជាតិ ដែលបានរួម ចំណែកកសាង និងកែលម្អ ក្នុងពេលកន្លងមក រហូតបានសម្រេចបានរួចរាល់ហើយ នៅពេល នេះ គឺជាសមិទ្ធផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះវាជាតម្រូវការដ៏ចាំបាច់សម្រាប់ កាត់បន្ថយ និងទប់ស្កាត់ចំពោះបញ្ហាប្រឈម ដែលកំពុងតែកើនឡើងនៃជំងឺមិនឆ្លង៕

អត្ថបទដែលជាប់ទាក់ទង