ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណល់រឹង សំរាម និងសំណល់វេជ្ជសាស្ត្រ នៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០ តោនក្នុងមួយថ្ងៃ នៅទូទាំង២៥រាជធានី/ខេត្ត

59

 

កែប ៖ រដ្ឋលេខាធិការ ក្រសួងបរិស្ថានឯកឧត្តមនេត្រ ភក្ត្រា បានឲ្យដឹងថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង ២៥ សំណល់រឹងសំរាមដែល បានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០ តោនក្នុងមួយ ថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះដោយសារតែអត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។

នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប មណ្ឌលគិរី បាត់ដំបងជាដើម បានប្រើប្រាស់ឡដុតសំណល់រឹងសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងការដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលត្រូវបានប្រមូលយកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។

លោក នេត្រ ភក្ត្រាបញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការងារគ្រប់គ្រងសំណល់រឹងសំរាម ដែលចេញពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នេះ។
ខាងលើនេះជាការលើកឡើងរបស់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅអំឡុងពេលដែលលោក និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យការដ្ឋានសាងសង់ឡដុតសំណល់រឹងសំរាម និងត្រូវប្រើប្រាស់អាទិភាពសម្រាប់ ការដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តមក៏បានអោយដឹងដែតថារហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿង ទៅដល់រាជធានី-ខេត្តចំនួន ២១ (៤៩ ស្រុក)ការបំពាក់ឡដុតសំរាមសំណល់រឹងនេះជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយ ដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រ នៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោនដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹង/សំណល់គ្រោះថ្នាក់ប្រមាណជាង ១០%៕

អត្ថបទដែលជាប់ទាក់ទង