ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម បើកយុទ្ធនាការចាក់វ៉ាក់សាំងជម្ងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) នៅកម្ពុជា

106

 

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា ដូចខ្ញុំបានជម្រាបជូនសាធារណជន និងបងប្អូនកសិករ បានជ្រាបពីដំណើរវិវត្តន៍ និងវិធានការនៃការទប់ស្កាត់ ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី នៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ រួមទាំងបានជម្រាបជូនពីបទពិសោធនិងវិធីសាស្ត្រព្យាបាលផងដែរ ។

បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍ថា ទន្ទឹមនឹងការខិតខំប្រឹងប្រែង ក្នុងការតាមពិនិត្យនិងព្យាបាលសត្វគោ ដែលបានឆ្លងជម្ងឺដុំពក នៅលើស្បែកកន្លងមក ក្រសួងក៏បានខិតខំប្រឹងប្រែងស្វះស្វែង រកបញ្ជាទិញវ៉ាក់សាំង ការពារជំងឺដុំពកស្បែកគោក្របី ក៏បានដំណើរការព្រមគ្នាផងដែរ ។ ប៉ុន្តែអ្វីដែលក្រសួងមិននឹកស្មានដល់នោះ ការរីរាលដាលនៃជំងឺឆ្លងនេះ បានរាលដាលយ៉ាងលឿនពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលមកទល់ពេលនេះ ជំងឺឆ្លងនេះបានធ្វើឲ្យប៉ះពាល់ និងធ្វើឲ្យសត្វគោឈឺចំនួនជាង ៣០ ០០០ ក្បាលហើយ ជាពិសេសបានឆ្លងទៅលើកូនគោ ដែលបានធ្វើឲ្យសត្វគោ បានងាប់មួយចំនួន និងដែលធ្វើក្រសួងមានការព្រួយបារម្ភជាខ្លាំង ។

ប៉ុន្តែអ្វីដែលយើងទទួលបានដំណឹងល្អនាចុងសប្តាហ៍នេះ គឺក្រោយពីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាសេនាធិការនោះ ដោយមានការគាំទ្រថវិកា ពីសប្បុរសជនផងនោះ យើងទទួលបានវ៉ាក់សាំងចំនួន ពីរម៉ឺន ដុស នៅក្នុងដៃរួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់ សម្រាប់ក្រសួងមានលទ្ធភាពចាប់ផ្តើម បើកយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ ជំងឺដុំពកស្បែកគោក្របី ដែលដឹកនាំដោយឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានចេញប្រតិបត្តិការកាលពីថ្ងៃម្សិលមិញ ទី២៨ ខែសីហា ឆ្នាំ២០២១ នេះ នៅខេត្តត្បូងឃ្មុំ ។ ដោយឡែកថ្ងៃនេះ យើងបាននិងកំពុងបន្តចាក់វ៉ាក់សាំង ការពារជំងឺដុំពកស្បែកគោ នៅក្នុងខេត្តកំពង់ចាមទៀត ។

ក្រសួងមានក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោចំនួន ៤០ ០០០ ដុស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅសប្តាហ៍បន្ទាប់ ។

សូមបញ្ជាក់ថា៖ កន្លងមកក្រសួងក៏បានដាក់ចេញនូវវិធានការមួយចំនួនចំពោះមុខផងដែលក្នុងនេះរួមមាន៖

បានចេញសារាចរណែនាំលេខ ១៨០កសកចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ស្តីអំពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានធ្វើការប្រជុំ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល២៥ខេត្តក្រុង ដោយធ្វើបទបង្ហាញអំពីជំងឺ ការទប់ស្កាត់ និងការឆ្លើយតបទាន់ពេលវេលានៃជំងឺ និងបានពិភាក្សាអំពីការបង្កើត ក្រុមការងារទប់ស្កាត់នៃជំងឺនេះ នៅតាមបណ្តាខេត្តនានា ដោយមានអន្តរាគមន៍ពីថ្នាកកណ្តាល គឺនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ។

បង្កើតក្រុមតេឡេក្រាមរាយការណ៍ជាប្រចាំថ្ងៃ អំពីស្ថានភាពជំងឺដុំពកស្បែក ចំពោះខេត្តដែលបានផ្ទុះជំងឺ អំពីករណីផ្ទុះ ការទប់ស្កាត់ និងបំពេញព័ត៌មានតាមតារាងជាប្រចាំ។

រៀបចំជាខិតបណ្ណផ្សព្វផ្សាយ (សម្រាប់កសិករនិងបសុពេទ្យ) ចំនួន២០០០០សន្លឹកអំពីជំងឺដុំពកស្បែកលើគោក្របី ចែកជូនការិយាល័ផលិតកម្មនិងបសុព្យាបាល។

រៀបចំឯកសារបច្ចេកទេសបង្ហាញអំពីជំងឺ និងអត្ថបទបច្ចេកទេសខ្លីអំពីជំងឺ ការការពារ និងការព្យាបាលជូនតាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ចុះអន្តរាគមន៍អនុវត្តវិធានទប់ស្កាត់ការឆ្លងរាលដាល ដោយសហការជាមួយការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តនិងអ្នកពាក់ព័ន្ធ។

ចែកសម្ភារៈនិងថ្នាំព្យាបាលមួយចំនួន ជូនបណ្តាខេត្តនានាមានថ្នាំផ្សះ ថ្នាំបញ្ចុះកំដៅ ថ្នាំប្រឆាំងនឹងការរលាក ថ្នាំវីតាមីន ម៉ាស៊ីនបាញ់ថ្នាំ PPE ស៊ីរ៉ាំង ម្ជុល ស្រោមដៃ ស្បែកជើងកវែង វ៉ែនតា ម៉ាស អាល់កុល និង ថ្នាំសម្លាប់មេរោគ។

ពង្រឹងការតាមដាននិងត្រួតពិនិត្យការធ្វើចរាចរគោក្របីនៅតាមបណ្តាខេត្ត។

រៀបចំវីដេអូស្ពតអំពីជំងឺក្នុងគោលបំណងផ្សព្វផ្សាយ ៕

អត្ថបទដែលជាប់ទាក់ទង