ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ ក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវចាប់ខ្លួន ជនដែលបំភ្លៃព័ត៌មានថា «សម្តេចក្រឡាហោម ស ខេង ជួបជាមួយលោក សម រង្ស៉ី ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន»

75

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានអះអាងថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់ខ្លួន ជនដែលបំភ្លៃព័ត៌មានថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជួបជាមួយ លោក សម រង្ស៉ី ហើយព្រមព្រៀងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ខណៈដែលសម្តេចមានវត្តមាន នៅក្នុងប្រទេសបារាំង។

ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីគណនីហ្វេសបុកមួយឈ្មោះ Tharith Bun បានបង្ហោះរូបភាពជំនួបអតីតកាល រវាងសម្តេច ស ខេង និង លោក សម រង្ស៉ី នៅក្នុងរដ្ឋសភា កាលពីខែកញ្ញា ឆ្នាំ២០១៥ មកផ្សព្វផ្សាយជាថ្មីជាមួយខ្លឹមសារបំភ្លៃការពិតថា «សម្តេចមានជំនួបជាថ្មីជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ»

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានចាត់ទុកថា បង្ហោះបែបនោះជាការញុះញង់បង្កចលាចល ហើយពេលនេះសមត្ថកិច្ច កំពុងស្រាវជ្រាវរកអ្នកបំភ្លៃ និងអ្នកដែលចែកចាយព័ត៌មានបំភ្លៃដើម្បីបង្កចលាចលនេះ ដើម្បីចាត់វិធានការតាមច្បាប់។ លោកស្នើឱ្យសាធារណជន កុំចាប់អារម្មណ៍ និងកុំចែកចាយព័ត៌មានញុះញង់នេះ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរផ្ទាល់ខ្លួន។ បន្ទាប់ពីទទួលបានដំណឹងអំពីដំណើរឯកជនរបស់សម្តេចក្រឡាហោម ស ខេង, ក្រុមប្រឆាំងក្រៅច្បាប់ តាមរយៈសារព័ត៌មានដែលស្និទ្ធនឹងពួកគេ បានប្រកាសស្វាគមន៍ភ្លាមៗ បើសិនជាសម្តេចក្រឡាហោម បើកភ្លើងខៀវឱ្យមានជំនួបក្រៅផ្លូវការណាមួយដើម្បីរកដំណោះស្រាយ នយោបាយសម្រាប់ពួកគេ។

ភ្លាមៗសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបដិសេធ និងបានបញ្ជាក់ថា សម្តេចទៅកាន់ប្រទេសបារាំង គឺដោយសារមានធុរផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង