ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ លួចទូរដែក មានលុយ ១១០,០០០$ នៅកាស៊ីណូ ឆាងឆឹង

45

 

ខេត្តព្រះសីហនុ ៖ នគរបាលជំនាញបានការស្រាវជ្រាវបង្ក្រាបករណី អំពើចោរកម្ម (លួចទូរដែក) មានលុយ ១១០,០០០$ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ដោយមានការដឹកនាំបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។

របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី ទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ៨៧២០ នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូរដែក ០១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះ មានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិការដៃ០១គ្រឿង ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង