ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិនិយោគិនជប៉ុន ជានិច្ចកាលតែងផ្តល់ទំនុកចិត្តខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជា

36

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ច ជប៉ុននៅកម្ពុជា (BAC), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាមានចំនួន ប្រមាណ ១៣០ រូប។
កិច្ចប្រជុំទ្វេភាគីនេះជាផ្នែកមួយនៃយន្តការថែទាំវិនិយោគដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេច រតជោនាយករដ្ឋមន្តី និងឯកឧត្តម ស៊ីនហ្សូ អាប (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

នៅក្នុងឱកាសកិច្ចប្រជុំលើកទី២២នេះ ភាគីទាំងពីរបានបន្តពិភាក្សាលើរបៀបវារៈអាទិភាព មួយចំនួនរួមមាន: ១- ប្រាក់ឈ្នួលគោលអប្បបរមា និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ, ២ កាតព្វកិច្ចពន្ធដារ, ៣- ឡូជីស្ទិក, ៤- ការផ្គត់ផ្គង់និងតម្លៃអគ្គិសនី, ៥- ការនាំចូលរថយន្ត ៦ គម្រោងកិច្ច សហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និង ៧-ការរៀបចំសិក្ខាសាលាឈ្វេងយល់ ពីរបៀបប្រើប្រាស់ ប្រព័ន្ធទិន្នន័យស្តីពីសទ្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិនិយោគិនជប៉ុនដែល ជានិច្ចកាលតែងផ្តល់ទំនុកចិត្តខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់វិនិយោតិនជប៉ុនទាំងអស់ ជាពិសេស ការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភ័ណ្ឌដែលបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សស្របតាមការ ចង្អុលបង្ហាញនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាចក្ខុវិស័យ កែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកលើជំនាញឱ្យ បានត្រឹមឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិង ប្រជាជនជប៉ុន ដែលបានផ្តល់ការឧបត្ថម្ភសម្ភារបរិក្ខារវេជ្ជសាស្ត្រ ឡានសង្គ្រោះបន្ទាន់ ព្រមទាំងវ៉ាក់សាំង AstraZenecaចំនួន១លានដួសដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្ន នេះដែរឯកឧត្តមបានសម្តែងនូវក្តីសង្ឃឹមថាក្រុមហ៊ុនអាកាសចរ AN នឹងចាប់ផ្តើមការហោះហើរ ផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឱ្យទំហំ ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង។

ឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី បានសាទរនិងវាយតម្លៃខ្ពស់ ចំពោះចំណាត់ការយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដែលកម្ពុជាគឺជាប្រទេសទី២ ក្នុងអាស៊ានដែលមានអត្រាប្រជាជន បានចាក់វ៉ាក់សាំងខ្ពស់ជាងគេ ហើយ ជាលទ្ធផលបានធ្វើឱ្យសភាពការណ៍ នៃការរីករាលដាលស្ថិតក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។
ជាងនេះទៅទៀត ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ ចំពោះបញ្ហាប្រឈម និង សំណូមពររបស់វិនិយោគិនជប៉ុន ដែលប្រការនេះបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំ និងផ្តល់ភាពកក់ក្ដៅដល់វិនិយោគិនគ្រប់រូប។

ដោយឡែក លោកប្រធាន JBAC បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំ ប្រឹងប្រែងជម្នះរាល់បញ្ហាប្រឈមនានា ដើម្បីផ្ដល់នូវបរិយាកាសវិនិយោគដ៏ល្អប្រសើរ លើគ្រប់វិស័យ និងបានជម្រាបជូនអង្គប្រជុំ ពីការប្តេជ្ញាចិត្តរបស់វិនិយោគិនជប៉ុន ក្នុងការចូលរួមចំណែកស្តារសេដ្ឋកិច្ច កម្ពុជាក្រោយវិបត្តិជំងឺកូវីដ ១៩។

គួរកត់សម្គាល់ផងដែរថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨ លានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៦៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង