ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ៖ “សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការ កំពុងបន្តរហូតដល់ឆ្នាំ២០២៣”

103

 

ភ្នំពេញ៖ ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ៖ “សមិទ្ធផលហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣” ដោយ មានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

សូមជម្រាបជូនថា៖ កម្មវិធី MPWT Live Show នេះ ជាកម្មវិធីផ្សាយផ្ទាល់ទាក់ទងនឹង “វឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន ជាកម្មវិធីធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ដើម្បីបង្ហាញជូនអំពីវឌ្ឍនភាព សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលលើការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ទៅកាន់ប្រជាពលរដ្ឋ។

កម្មវិធី MPWT Live Show បង្កើតឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំ ទូលាយ និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋអំពីបេសកកម្ម ចក្ខុវិស័យ កិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពការងាររបស់ក្រសួង ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួងជាមួយបងប្អូនប្រជាពលរដ្ឋ និងឆ្លើយតបរាល់ចម្ងល់នានារបស់សាធារណជនពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ផងដែរ។

ថ្លែងក្នុងមតិស្វាគមន៍ចាប់ផ្តើមកម្មវិធីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើន ជាពិសេស ការធ្វើសមាហរណកម្មផ្ទៃប្រទេស ការដឹកជញ្ជូនទំនិញ និងទេសចរណ៍ជាដើម និងបានរំលឹកឡើងផងដែរ អំពីអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកធ្លាប់បានមានប្រសាសន៍តាំងពីឆ្នាំ១៩៨៥ថា៖ ដើម្បីកសាង ប្រទេសជាតិមាតុភូមិបាន យើងត្រូវតែមាន៖ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។

ឆ្លើយតបទៅកាន់សំណួរប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងកម្មវិធី MPWT LIVE SHOW ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគម្រោងសាងសង់ដែលក្រសួងសម្រេចបាន គម្រោងសាងសង់កំពុងបន្ត និងគម្រោងត្រៀមនឹងអនុវត្ត ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅកម្ពុជា ដែលក្នុងនោះរួមមាន៖ បណ្តាញផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន និងស្ពានជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានច្រានចោលមតិរិះគន់ដែលថាកម្ពុជាពឹងផ្អែកទៅលើប្រទេស ចិនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយបានបញ្ជាក់ថា៖ កម្ពុជាមិនរើសអើងប្រភពថវិកាលើការ សាងសង់ផ្លូវថ្នល់ស្ពាននៅកម្ពុជាទេ ពោលគឺកម្ពុជាមិនបដិសេធប្រទេសជាមិត្តទាំងឡាយណាដែលចង់ ជួយកម្ពុជាឡើយ បើប្រទេសនោះផ្ដល់ជំនួយ ឬប្រាក់កម្ចីទាន់ពេលវេលាក្នុងការកសាងផ្លូវថ្នល់ស្ពានរបស់ យើង និងបន្ថែមថា៖ នីតិវិធីប្រាក់កម្ចីពីប្រទេសមួយទៅប្រទេសមួយខុសគ្នា ប្រទេសខ្លះត្រូវការរយៈពេល ពី៣ទៅ៥ឆ្នាំទើបសិក្សាគម្រោងសាងសង់ចប់ និងឯកភាពឱ្យខ្ចីថវិកា ដូច្នេះបើយើងរង់ចាំ៥ឆ្នាំយើងនឹងខាតបង់ចំណូលច្រើនណាស់ពីការកសាងផ្លូវ ថ្នល់ និងស្ពាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ដែលជា គម្រោងស្ពានដ៏សំខាន់មួយដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរត្រង់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ ដោយបានបន្ថែមថា៖ គម្រោងស្ពាននេះត្រូវបានចរចារចប់សព្វគ្រប់ និងបានចុះហត្តលេខាលើកិច្ចព្រមព្រៀងសាងសង់ស្ពានរួចហើយដែរ ប៉ុន្តែនៅរង់ចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើប្រាក់កម្ចី ហើយសង្ឃឹមថា៖ គម្រោងស្ពាននេះអាចបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬដើមខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានចុះហត្ថលេខាលើប្រាក់កម្ចីរួច។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីការត្រៀមបើកការដ្ឋានគម្រោងពង្រីក និងលើកកម្ពស់ គុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង DBST ទៅជាផ្លូវបេតុងកៅស៊ូ(AC) ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ ៤១តភ្ជាប់ផ្លូវជាតិលេខ៤ និងតភ្ជាប់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ពីបែកគុស ទៅស្រុកកំពង់ត្រាច ផ្លូវជាតិលេខ៣៣ ពីកែបមកកំពង់ត្រាច ដើម្បីអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេសខេត្តព្រះសីហនុ ដែលនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសយ៉ាងសំខាន់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវទៅដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ កុំដឹកជញ្ជូនទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ដែលធ្វើឱ្យផ្លូវឆាប់ខូចឆាប់រេចរិល និងបានលើកឡើងនូវរូបមន្ត ដើម្បីចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបអំពីការខូចខាតផ្លូវ ឬធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុ កាលរបស់ផ្លូវ ឧទាហរណ៍ថា៖ ឡានមួយគ្រឿងអនុញ្ញាតឱ្យដឹក៤០តោនតាមច្បាប់ ប៉ុន្តែបើដឹក៥០តោន គេយក១០តោនដែលដឹកលើស x ១០ ស្មើនឹង១០០ យក១០០x១០ ស្មើនឹង១០០០ និងយក១០០០ x ១០ ស្មើនឹង១០០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកលើសទម្ងន់ដប់តោនស្មើនឹងឡានមួយម៉ឺនគ្រឿង ដែលរត់កាត់លើផ្លូវ ដែលធ្វើឱ្យផ្លូវរេចរិលឆាប់ខូចមុនអាយុកាល។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកត្កាសុខសន្តិភាព ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួបរួម គ្នា ថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក ដើម្បីយើងមានឱកាសកសាងប្រទេសជាតិមាតុភូមិ ទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនបង្កើតការងារធ្វើ យកកសិផលទៅលក់នៅបរទេស ទាក់ទាញ ទេសចររាប់លាននាក់មកលេងកម្ពុជា ជាពិសេសដើម្បីឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនមានឱកាសកសាងបណ្ដាញផ្លូវថ្នល់ស្ពាន កំពង់ផែ និងផ្លូវដែក។ល។ ដើម្បីសម្រួលក្នុងការដឹកទំនិញ និងអ្នក ធ្វើដំណើរផងដែរ។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ផ្ដល់មតិយោបល់ ក៏ដូចជាការទិតៀនក្នុងន័យស្ថាបនាតាមរយៈទំព័រហ្វេសប៊ុកក្រសួង ដើម្បីក្រសួងអាចយកទៅពិចារណា ក្នុងការដោះស្រាយធ្វើ យ៉ាងណាឱ្យប្រព័ន្ធហេដ្ឋារចនាដឹកជញ្ជូនយើងមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយចំណាយ និងពេលវេលាធ្វើដំណើរ និងបានអំពាវនាវសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ដោនឡូតកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App)ដាក់លើទូរសព្ទដៃ ចូលរួមរាយការណ៍អំពីផ្លូវខូច និងផ្លូវជង្ហុក សំបុកមាន់ ដើម្បីក្រសួងអាចចាត់វិធានការចុះទៅជួសជុលបានទាន់ពេលវេលា បង្ការកុំឱ្យខូចរាលដាលកាន់តែធំចំណាយថវិការច្រើនក្នុងការជួសជុល។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យបងប្អូនអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺង ម៉ាត់ កុំបើកលើសល្បឿនកំណត់ ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ វ៉ាជែងដោយប្រុងប្រយ័ត្ន កុំប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសូមឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញគោរពច្បាប់ចរាចរណ៍ កុំផ្ទុកទំនិញលើសទម្ងន់កម្រិតដោយច្បាប់ ដែលបង្កឱ្យផ្លូវ ឆាប់ខូចមុនអាយុកាល ៕

អត្ថបទដែលជាប់ទាក់ទង