ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកអក្សរសាស្ត្រ និងសង្គមសាស្ត្រ ចេញផ្សាយ វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ ជាផ្លូវការ

164

ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា បានចេញផ្សាយព័ត៌មានថា ៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រ ក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) បោះពុម្ពលើកទី១ ជាផ្លូវការ ដើម្បីលើកកម្ពស់ការអភិរក្សនិងអភិវឌ្ឍអក្សរសាស្រ្តជាតិនៅពេលបច្ចុប្បន្ន។

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគម្រោង នៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ បានមានប្រសាសន៍ក្នុងបុព្វកថាឱ្យដឹងថា គោលបំណង នៃការរៀបចំ វចនានុក្រមភាសាខ្មែរបច្ចុប្បន្នភាគទី១ គឺដើម្បីបន្ស៊ីគ្នា រវាងវចនានុក្រម និងភាសាខ្មែរបច្ចុប្បន្ន។

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំបានសង្កេតឃើញថា វចនានុក្រមរៀបរៀបចំ ដោយសម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពគ្រាទី៥ (ភាគទី១ នៅឆ្នាំ១៩៦៧ និងភាគទី២នៅឆ្នាំ១៩៦៨) មានអាយុកាលជាង៥០ឆ្នាំហើយ។ ដោយភាសាខ្មែរចេះតែវិវត្តមិនឈប់ឈរនោះ ការនិយាយស្តីក៏មានបម្រែបម្រួល គួរជាទីកត់សម្គាល់ហើយ ពាក្យថ្មីៗជាច្រើន សន្ធឹកសន្ធាប់ក៏ត្រូវបានប្រើប្រាស់ លើសពីពាក្យដែលមានស្រាប់ ក្នុងវចនានុក្រមរបស់ព្រះអង្គ; ដូច្នេះខ្ញុំគិតថា ការបន្ស៊ីគ្នារវាងវចនានុក្រម និងភាសាខ្មែរបច្ចុប្បន្ន ជាការចាំបាច់ ដើម្បីបម្រើសេចក្តីត្រូវការនៅពេលបច្ចុប្បន្ន»។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធានក្រុមការងារគម្រោង នៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ និងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តការខិតខំស្រាវជ្រាវ យកគំនិតថ្មីៗបង្គ្រប់បន្ថែមទៀត ដើម្បីធ្វើឱ្យវចនានុក្រមខ្មែរ មានចំនួនសម្បូរបែប។

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) ពិតជាបានរួមចំណែក ជាមួយប្រជាជាតិខ្មែរ នូវការអភិរក្ស និងអភិវឌ្ឍអក្សរសាស្ត្រជាតិ ព្រមទាំងធ្វើឱ្យមានភាព សម្បូរបែបនូវវចនានុក្រមខ្មែរ។

សូមជម្រាបជូនថា វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) បោះពុម្ពលើកទី១នេះ នឹងត្រូវដាក់ទៅជា វចនានុក្រមអេឡិកត្រូនិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង