ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀនបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមានហានិភ័យទាប

89

 

ភ្នំពេញ ៖ ក្នុងអំឡុងពេលនៃការផ្អាកដំណើរការគ្រឹះស្ថានសិក្សាដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ គ្រឹះស្ថានសិក្សាបានដំណើរការការបង្រៀន និងរៀនពីចម្ងាយតាមគ្រប់រូបភាព ក្នុងនោះក៏មានការបង្រៀននិង រៀនតាមបណ្តុំ ដែលជាការមករៀនជុំគ្នាក្នុងទ្រង់ទ្រាយតូច រវាងគ្រូបង្រៀន និងសិស្សនៅទីកន្លែងដែលមាន សុវត្ថិភាព។

ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្ស និស្សិត ចាប់ពីខែកញ្ញា រហូតដល់ការបិទ បញ្ចប់ឆ្នាំសិក្សា២០២០-២០២១ នៅខែវិច្ឆិកា ឆ្នាំ២០២១ និងដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិក្នុងខែវិច្ឆិកា និងមធ្យមសិក្សាទុតិយភូមិក្នុងខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀននិងរៀនតាមបណ្តុំ អាស្រ័យលើស្ថានភាព ធនធាន និងការច្នៃប្រឌិតរបស់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូនៅភូមិសាស្ត្រ ដែលធានាថាមិនមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅតាមក្រុង-ស្រុក-ខណ្ឌដែលចាត់ទុកថាមានសុវត្ថិភាព នៅតាមខេត្តមួយចំនួន ឬយ៉ាងហោច ណាស់ការរៀនជាបណ្ដុំចំនួនតិចជាង១៥ នាក់នៅតាមថ្នាក់រៀន នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលគ្មានការឆ្លងជំងឺ កូវីដ-១៩ ។

យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសូមធ្វើការណែនាំនូវគោលការណ៍សំខាន់ៗមួយ ចំនួនដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ស្តីពីការ បង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សា នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប ដូចខាងក្រោម៖

១. ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្ដែង និង ការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា គណៈអភិបាលរាជធានី ខេត្តត្រូវកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងជំងឺកូវីដ ១៩ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានី ខេត្ត ដើម្បីជ្រើសរើសសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ។

វាយតម្លៃ និងជ្រើសរើសគ្រឹះស្ថានសិក្សាដែលត្រូវបើកដំណើរការឡើងវិញ ដោយត្រូវ រៀបចំយន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការឱ្យបានច្បាស់លាស់ ដោយមាន ការអនុម័តពីអាជ្ញាធររាជធានី ខេត្ត រួចផ្ញើមកក្រសួង ដើម្បីបូកសរុប។

ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា បុគ្គលិក សុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ដល់ព័ត៌មាន។

ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

ត្រូវបន្តអនុវត្តកម្មវិធីសិក្សាបង្រួញ ៖ រៀបចំផែនការបង្រៀនប្រចាំសប្ដាហ៍ និងប្រចាំខែឡើងវិញ ដោយផ្តោតលើខ្លឹមសារ មេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀត សង្ខេបខ្លឹមសារមេរៀនដោយផ្តោតលើបញ្ញត្តិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន។

លើកទឹកចិត្តសិស្សដែលមានលទ្ធភាពរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យចេះប្រើប្រាស់ វីដេអូនៃការបង្រៀន និងសន្លឹកកិច្ចការដែលផលិតដោយនាយកដ្ឋានជំនាញ នៃក្រសួង និងដែលមានចែកចាយក្នុងបណ្តាញតេឡេក្រាមវេបសាយ ឬកម្មវិធី ទូរសព្ទដ លើកទឹកចិត្តនិងជួយសិស្សឱ្យអនុវត្តលំហាត់ ឬធ្វើការហ្វឹកហាត់បន្ថែមនៅផ្ទះ។

មុខវិជ្ជាផ្សេងទៀតត្រូវព្យួរសិនដោយនឹងត្រូវរៀនបំពេញបន្ថែមនៅដើមឆ្នាំសិក្សាបន្ទាប់។

២- ការបន្តរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង ១៥ នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះ ចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ។

វាយតម្លៃតំបន់សិក្សា ដើម្បីរៀបចំយន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការឱ្យបានច្បាស់លាស់ដោយមានការអនុម័តពីអាជ្ញាធររាជធានី ខេត្ត រួចផ្ញើមកក្រសួងដើម្បីបូកសរុប ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរ មូលដ្ឋាន ដើម្បីផ្ដល់ព័ត៌មានផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាព ជាការរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង ១៥ នាក់ និងឆ្លាស់វេន ដើម្បីងាយស្រួលក្នុង ការបង្រៀន និងការគ្រប់គ្រង។

ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី១៥នាក់ ទៅតាមស្ថានភាពជាក់ស្ដែង ដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែងចែកវេនឬបណ្ដុំតាមចម្រុះថ្នាក់, ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប។

រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ។ ករណីបណ្តំ មាន សិស្សតិចពេក អាចផ្គួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្គួបលើសពី ២កម្រិតថ្នាក់។ ចំពោះ ការធ្វើតេស្តសិស្សប្រចាំខែ ឬឆមាស ករណីគ្រូបង្រៀនថ្នាក់គួបតាមបណ្តុំមិនអាចរៀបចំ ខ្លឹមសារតេស្ត ឬកែកិច្ចការបាន ត្រូវសហការគ្នាជាមួយគ្រូបង្រៀននៃកម្រិតថ្នាក់នោះ។

បែងចែកគ្រូបង្រៀនឱ្យទទួលខុសត្រូវតាមបណ្ដុំ ឬតាមកម្រិតថ្នាក់នីមួយៗ (ករណីគូ បង្រៀនមិនអាចសម្របសម្រួលបាន.ត្រូវរៀបចំសិស្សធំនៅបណ្ដុំជាមួយគ្នា ឬមាតាបិតា ជួយសិស្សតូចៗ)

ត្រូវបន្តអនុវត្តវិធីសាស្ត្រនៃការសិក្សាតាមបែបចម្រុះ៖បន្តការរៀនតាមបែបចម្រុះដូចជា រៀនតាមអនឡាញ,ចែកឯកសារ, និងរៀនផ្ទាល់ ក្នុងថ្នាក់ ដោយត្រូវបែកចែកតាមវេន តាមក្រុម និងត្រូវពង្រឹងអនាម័យជាប្រចាំ។

លើកទឹកចិត្តសិស្សដែលមានលទ្ធភាពរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យចេះប្រើប្រាស់ វីដេអូនៃការបង្រៀន និងសន្លឹកកិច្ចការ ដែលផលិតដោយនាយកដា្ឋនជំនាញ នៃក្រសួង និងដែលមានចែកចាយក្នុងបណ្តាញតេឡេក្រាម, វេបសាយ ឬកម្មវិធីទូរសព្ទដៃ។

បន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអឡិចត្រូនិក ដោយគ្រូបង្រៀន អាចបង្រៀន live) និងផ្ដល់ឱកាសដល់សិស្សក្នុងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់ សៀវភៅសិក្សាគោល និងតាមបែបអេឡិចត្រូនិក។

អនុវត្តការធ្វើតេស្ត និងការវាយតម្លៃការសិក្សាសិស្ស ជាពិសេសថ្នាក់ទី៩ និងទី១២ បានគត់មត់ ក្រោមរូបភាពជាការប្រឡង ការធ្វើតេស្តដាក់ពិន្ទុប្រចាំខែ ត្រីមាស ប្រចាំឆ្នាំ។

ការអនុវត្តកម្មវិធីសិក្សាបង្រួញ៖
រៀបចំផែនការបង្រៀនប្រចាំសប្ដាហ៍ និងប្រចាំខែឡើងវិញដោយផ្តោតលើខ្លឹមសារ មេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀត។

សង្ខេបខ្លឹមសារមេរៀនដោយផ្តោតលើបញ្ញត្តិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន៕

អត្ថបទដែលជាប់ទាក់ទង