ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្តារប្រឡាយ ទួលពង្រទី២ សម្រេចបាន៩០ភាគរយហើយ នៅសល់តែ១០០ម៉ែត្រ ដែលប៉ះពាល់របងថ្មពលរដ្ឋ

71

ភ្នំពេញ៖ ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ដែលមានប្រវែងជាង៦០០០ម៉ែត្រ មកដល់ពេលនេះសម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ ហើយមូលហេតុ ដែលនៅសេសសល់នេះក៏ព្រោះតែជួបនឹងបញ្ហាដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ។

  លោកម៉ែន សុខខេន ប្រធានស្តីទីអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃ០១ កញ្ញានេះថាដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួងស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាព ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ១៩ ក៏ដោយ។

   ជាក់ស្ដែង សម្រាប់ការងារស្តារប្រឡាយទួលពង្រទី២នេះ ក្រុមការងារបាននឹងកំពុងអនុវត្តយ៉ាងញាប់ដៃញាប់ជើង ហើយបើគិតត្រឹមថ្ងៃទី០១ កញ្ញានេះ ការស្តារប្រឡាយ ទួលពង្រទី២ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែងសរុប៦១០០ម៉ែត្រ ចំពោះមូលហេតុ ដែលនៅសេសសល់នេះក៏ព្រោះតែជួបនឹងបញ្ហាដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ។

  លោកបញ្ជាក់ផងដែរថា ចំពោះផលប៉ះពាល់នេះ អាជ្ញាធរ សង្កាត់ ខណ្ឌបាននិងកំពុងធ្វើការដោះស្រាយហើយ បើដោះស្រាយរួចពេលណា ការប្រឡាយនេះនឹងរួចរាល់ក្នុង១សប្តាហ៍ទៀត   តែលោកជឿថា ប្រឡាយនេះនឹងស្តាររួចរាល់យ៉ាងយូរនៅពាក់កណ្តាលខែកញ្ញានេះ

   លោកម៉ែន សុខខេន បានបន្តថា ប្រឡាយទួលពង្រទី២ ប្រឡាយនេះមានប្រវែង៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាងនិងខណ្ឌពោធិសែនជយ័ រួមមានសង្កាត់ចោមចៅ២និងចោមចៅ១និងភាគខ្លះនៃខណ្ឌដង្កោរួមមានសង្កាត់ព្រៃសជាដេីម

   ការងារស្តារប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ ហើយ បើគិតត្រឹមថ្ងៃទី០១កញ្ញា ឆ្នាំ២០២១នេះ ជាលទ្ធផលស្តារបានប្រវែង៦០០០ម៉ែត្រ ស្មើនឹង៩០%នៃផែនការហើយ

 

 

អត្ថបទដែលជាប់ទាក់ទង