ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍៤ចំណុច ជំរុញឲ្យវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការអាជីវកម្ម ដើម្បីពង្រីកទីផ្សារ

59

 

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍៤ចំណុច ជំរុញឲ្យវិស័យឯកជននៅកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការអាជីវកម្មដើម្បីពង្រីកទីផ្សារ។

ការជំរុញរបស់ឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីដាក់ដំណើរការផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ រៀបចំឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែថា វិស័យឯកជនបាននិងកំពុងដើរតួនាទីសំខាន់មួយ ដែលត្រូវចាប់ផ្តើមធ្វើបរិវត្តកម្មឌីជីថល ក្នុងអាជីវកម្មរបស់ខ្លួនផងដែរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការអាជីវកម្ម និងសម្រាប់ជាមធ្យោបាយ ដើម្បីពង្រីកទីផ្សាររបស់ខ្លួនដូចជា ការលក់ដូរអនឡាញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។

អគ្គបណ្ឌិតសភាចារ្យបានបន្ដថា «ដូច្នេះខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដល់វិស័យឯកជន ក្នុងការចាប់ផ្តើមគិតគូរធ្វើបរិវត្តកម្មឌីជីថលចំនួន៤ចំណុចរួមមាន ១៖ គួរផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបធ្វើការតាមយុគបច្ចេកវិទ្យាឌីជីថល ព្រោះការធ្វើបរិវត្តកម្មឌីជីថល មិនមែនជាដំណើរការដែលធ្វើតែមួយលើក ឬមួយពេលនោះទេ ពោលគឺជាដំណើរការដែលត្រូវធ្វើជាប្រចាំ ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពសម្របខ្លួន (Adaptability) និងសមត្ថភាពផ្លាស់ប្តូររហ័ស (Agility) ដើម្បីរកដំណោះស្រាយថ្មីៗធ្វើឱ្យបរិវត្តកម្មឌីជីថល កាន់តែមានប្រសិទ្ធភាព និងមានសម្ទុះលឿន។ ២៖ កំណត់ចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងវាយតម្លៃឡើងវិញនូវសមត្ថភាព និងធនធានរបស់ខ្លួន។ ៣៖ កំណត់អាទិភាពនៃការធ្វើឌីជីថលូនីយកម្ម ទាំងលើផ្នែកប្រតិបត្តិការ និងផ្នែកទីផ្សារ។
៤៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសហបង្កើតថ្មី (Co-creation) រវាងរដ្ឋ និងឯកជន ឬឯកជន និងឯកជន ព្រមទាំងពិនិត្យ និងស្វែងរកកម្មវិធីគាំទ្រផ្សេងៗ របស់រាជរដ្ឋាភិបាល ដែលកំពុងតែត្រូវបានដាក់ចេញ»។

អគ្គបណ្ឌិតសភាចារ្យក៏បានប្រកាសថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងដាក់ឱ្យមានកម្មវិធីគាំទ្រថ្នាក់ជាតិ ដល់សហគ្រាសធនតូច និងមធ្យមចាប់យកបច្ចេកវិទ្យាឌីជីថល ដែលកម្មវិធីនេះមានការគិតគូរជាកញ្ចប់ និងគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពហិរញ្ញវត្ថុ, បច្ចេកទេស និងជំនាញ»។

លោកអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា សម្រាប់កម្ពុជាការធ្វើបរិវត្តកម្មឌីជីថល ជាការចាប់យក និងការទាញយកផលប្រយោជន៍ ជាអតិបរមាពីការរីក-ចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ។

លោកអគ្គបណ្ដិតសភាចារ្យបញ្ជាក់ថា ជាក់ស្ដែងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ក៏បានឆ្លើយតបយ៉ាងលឿន ក្នុងការចូលរួមអនុវត្តនូវក្របខណ្ឌគោលនយោបាយនេះ ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ជាពិសេសក្នុងបរិបទនៃការរីករាលដាលដោយជំងឺកូវីដ១៩ ដែលតម្រូវឱ្យយើងត្រូវកាត់បន្ថយការជួបគ្នាផ្ទាល់ជាអតិបរមា ខណៈដែលយើងនៅតែខិតខំធានាឱ្យនិរន្តភាពនៃការងារនៅបន្តជាប្រក្រតី៕

អត្ថបទដែលជាប់ទាក់ទង