ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការពង្រឹងសមត្ថភាពគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ

541

 

សៀមរាប ៖ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាន ចូលរួមការពង្រឹងសមត្ថភាព ក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពអនុវត្តគម្រោង និងដោយមានការចូលរួមពី ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដា្នន និងជានាយកគម្រោង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងក្រុមការងារអនុវត្តគ្រប់គ្រងគម្រោង នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ បានជួបពិភាក្សា និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ទីស្នាក់ការឧទ្យានុរក្ស ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ក្រុមការងារបានចុះពិនិត្យទីតាំងទីចាត់ការនេះផ្ទាល់ដើម្បីកំណត់និយាមការបស់ទីតាំងទីចាត់ការ ផ្តិតរូបភាពតំបន់សំខាន់ៗនៅក្នុងទីតាំងនេះ និងរៀបចំរចនាប្លង់មេក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដែលបម្រើមុខងារសម្រាប់ស្នាក់ការ។

សូមបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានទទួលហិរញ្ញប្បទានឥណទាន ពីធនាគារពិភពលោក ហើយគម្រោងនេះបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការ គ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់ តម្លៃអនុផលព្រៃឈើ នៅតំបន់ ទេសភាព ជួរភ្នំក្រវាញ និងបឹងទន្លេសាប៕

អត្ថបទដែលជាប់ទាក់ទង