ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព

130

 

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព តាមរយៈប្រព័ន្ធវីដេអូ Zoom។

អស់រយៈកាល ១៨ខែ កន្លងមកនេះ វិបត្តិជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ក្នុងនោះវិស័យទេសចរណ៍ សកលលោក ក៏ដូចជាកម្ពុជាកំពុងតែទទួលរងភាពអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។ ការណ៍នេះបានជំរុញឲ្យរដ្ឋាភិបាល នៃប្រទេសនានាបានធ្វើការបិទ-បើកតំបន់ រឺប្រទេសទាំងមូលជាច្រើនលើកច្រើនសារ ខណៈពេលដែលយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំកំពុងអនុវត្ត ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅជំរុញការស្តារសង្គម -សេដ្ឋកិច្ចឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី។

ឈរលើទស្សនវិស័យនៃ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត” ជានិច្ចកាលរាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម និងជាក់ស្តែងនិយម ដែលមានផែនការច្បាស់លាស់នៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩” និងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ សម្រាប់គោលដៅសំខាន់ៗ ដែលជាឯកសារគោលដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រសម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជា។

ទន្ទឹមនេះ ភាពចាំបាច់ក្នុងការបើកដំណើរការសកម្មភាពពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី ដោយហេតុថាស្ថានភាពទីផ្សារទេសចរណ៍នឹងមានភាពតូចចង្អៀត ជាមួយការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម, តម្លៃ, ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍, វិធានការណ៍នៃការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩, និងការសម្រួលការធ្វើដំណើរ។ ចំណុចទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅ ដំណើរកម្សាន្តទេសចរណ៍ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នឹងក្លាយជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការបើកឲ្យដំណើរការឡើងវិញ ជាបណ្តើរៗនៃការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឲ្យបានឆាប់ទៅរក “ប្រក្រតីភាពថ្មី” នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយត្រូវចេះសម្របខ្លួនរៀនរស់ក្នុងបរិបទថ្មី។

ការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ ដែលត្រូវធ្វើឡើងតាមដំណាក់កាលជាជំហានៗ ដោយផ្អែកលើវិធីសាស្ត្រជាក់លាក់ ក្នុងការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដែលជាអនុគមន៍នៃអត្រា នៃការចាក់វ៉ាក់សាំង, អត្រាប្រេវ៉ាឡង់នៃការចម្លងជំងឺកូវីដ-១៩ និងការត្រៀមលក្ខណៈសម្បត្តិ របស់ឧស្សាហកម្មទេសចរណ៍កម្ពុជាតាមគន្លងប្រក្រតីភាពថ្មី។ ជាមួយគ្នានេះផងដែរ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន ការដាក់អនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវមានការត្រួតពិនិត្យ តាមដាន វាយតម្លៃជាប់ជាប្រចាំ ស្របតាមការវិវត្តន៍ជាក់ស្តែង នៃសភាពការណ៍រីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងជំហាននីមួយៗ ផ្សារភ្ជាប់ជាមួយ នឹងជម្រើសសម្រាប់ការបិទ-បើក ដោយផ្អែកលើការបែងចែកតំបន់, ការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាព ទេសចរណ៍តាមអនុវិស័យ និងកត្តាពេលវេលា ដែលដើរតួជាចន្ទល់យុទ្ធសាស្រ្តសំខាន់ ក្នុងការផ្តល់លទ្ធភាព ដល់ការគ្រប់គ្រងហានិភ័យ៕

អត្ថបទដែលជាប់ទាក់ទង