សម្តេចតេជោ ហ៊ុន សែន ស្នើសុំអាជ្ញាធរ បន្តចុះជួយបងប្អូន រងគ្រោះ ដោយទឹកជំនន់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ព្រមទាំងកងទ័ពជាតិ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ទាំងជំនន់មេគង្គ និងជំនន់ទឹកភ្លៀង ។
សម្តេចតេជោ បានថ្លែងថា ជាមួយគ្នានោះក្រសួងសុខាភិបាល ត្រូវបន្តតាមដានយកចិត្តទុកដាក់ ចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់ ពិនិត្យនិងផ្តល់នូវសេវាសុខាភិបាល តាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានា ឲ្យបានដិតដល់។ ទន្ទឹមនឹងនោះដែរ ក្រសួងកសិកម្ម ក៏ត្រូវធ្វើសកម្មភាពដូចជា ការចុះស្រោចស្រង់ស្រូវដំណាំ របស់ប្រជាកសិករ និងផ្តល់ជូននូវពូជស្រូវ សម្រាប់បងប្អូនបង្កបង្កើតផលឡើងវិញ នៅពេលទឹកស្រក៕