ឯកឧត្តម គួច ចំរើន ទទួលអំណោយ មនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភជាថវិកា សម្រាប់ចូលរួមចំណែក ក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភជាថវិកា ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ។
អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម៖
១.លោកឧកញ៉ា ឡាវ កាង និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លាអាមេរិក
២.លោកឧកញ៉ា តុង ចំរើន ឧបត្ថម្ភថវិកាចំនួន ២០០.០០០ ដុល្លាអាមេរិក
៣.លោកឧកញ៉ា គុយ ណាត និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២.៥០០ ដុល្លាអាមេរិក
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា និងបងប្អូនសប្បុរសជន ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា លោកឧកញ៉ា បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕