ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ ដាក់បញ្ជា ៥ចំណុចសំខាន់ធំៗ អោយម្ចាស់ដេប៉ូខ្សាច់៦ទីតាំងអនុវត្ត

95

 

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យចុះធ្វើការអប់រំ និង ធ្វើកិច្ចសន្យាទៅដល់ម្ចាស់ដេប៉ូខ្សាច់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដើម្បីអនុវត្តន៍អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយសារតែកាលពីកន្លងទៅពិនិត្យឃើញថា ដេប៉ូខ្សាច់ ៦ទីតាំង មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌនោះទេ ។

គួរបញ្ជាក់ថា៖កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យា នៅដល់ម្ចាស់ដេប៉ូស្តុក និង លក់ខ្សាច់ ៦ទីតាំងធំៗ នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ។

ការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យា នៅដល់ម្ចាស់ដេប៉ូស្តុក និង លក់ខ្សាច់ ៦ទីតាំងធំៗ នេះធ្វើឡើងដោយមានការចូលរួមពីលោក ឡាយ ជ ប្រធានការិយាល័យ សាធារណៈការ និង ដឹកជញ្ជូន ខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ក្នុងការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យានេះដែរ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដេប៉ូខ្សាច់ទាំង ៦ទីតាំងក្នុងមូលដ្ឋានខណ្ឌមានជ័យ អោយអនុវត្ត ៥ចំណុចសំខាន់ធំៗ រួមមាន ៖ ១. មិនត្រូវដឹកជញ្ជូនខ្សាច់ក្នុងចន្លោះម៉ោង ៦ៈ០០ នាទីព្រឹក រហូតដល់ ម៉ោង ១៩ៈ០០ នាទីយប់ ។ ២. ត្រូវទទួលខុសត្រូវក្នុងការបោសសម្អាតផ្លូវ លាងសម្អាតផ្លូវអោយបានស្អាតជារៀងរាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៧ៈ០០ នាទីព្រឹកទៅត្រូវធានាអោយបានស្អាត ។
៣. ត្រូវទទួលខុសត្រូវស្តារលូតាមតម្រាយផ្លូវដែលរថយន្តដឹកជញ្ជូនខ្សាច់របស់ខ្លួន រត់ឆ្លងកាត់អោយបានជាប្រចាំ ដោយធានាមិនអោយមានការកកស្ទះអាចម៌ដីនៅក្នុងប្រពន្ធលូឡើយ ។ ៤. ត្រូវទទួលខុសត្រូវជួសជុលជាបន្ទាន់ពីការដឹកជញ្ជូនដែលបណ្តាលអោយខូចខាតផ្លូវ និងប្រព័ន្ធលូ។ ៥. ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមលក្ខខណ្ឌនានាដែលកំណត់ក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ច ក្រសួង និងស្ថាប័នពាក់ព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង