កម្ពុជា-ឥណ្ឌា ចុះហត្ថលេខាលើឯកសារចំនួន២
ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោកស្រី Sushma Swaraj រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកស្រី ស៊ុសម៉ា ស្វារ៉ាច បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០១៨ ក្នុងបំណងលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទែសទាំងពីរបន្ថែមទៀត។
បើតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋមន្រ្តីការបរទេសទាំងពីរ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ គឺកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាសា្ថនកិច្ចការបរទេសនៃក្រសួងការបរទេសឥណ្ឌា។
រដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តនូវការកើនឡើងជាបន្តបន្ទាប់ នៃទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងងបានឯកភាពលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធរៀងខ្លួន ឲ្យពន្លឿនកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារវិនិយោគទ្វេភាគី។ រដ្ឋមន្រ្តីទាំងពីរ ក៏បានគូសបញ្ជាក់ជាថ្មីអំពីសារសំខាន់នៃការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖