បិទផ្សារដំដែករយៈពេល ២សប្តាហ៍
សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានដឹកនាំក្រុមការងារស្រុក និងកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប បិទផ្សារដំដែករយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និងណែនាំដល់អាជីវករផ្សារដែលមិនទាន់បានបិទតូបត្រូវរួសរាន់បិទតូបលក់ដូរ ។
ជាមួយគ្នានោះដែរបានឧបត្ថម្ភទឹកប្រាក់ចំនួន ២លានរៀល ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះប្រតិបត្តិការការងារ អំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុក ព្រមទាំងចុះពិនិត្យការរៀបចំរោងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករផ្សារនិងអ្នកពាក់ព័ន្ធធ្វើតេស្តរកសំណាកជំងឺកូវីដ-១៩ នៅមុខផ្សារដំដែក ។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋជាអាជីវករផ្សារដំដែក ដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយត្រូវបញ្ជូនមកសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកម្រិតស្រាលនៃវិទ្យាល័យដំដែក ។
ជាមួយគ្នានេះ លោក ម៉ក់ ប្រុស អភិបាលស្រុក បានប្រគល់ ប៉ៅអ៉ីបត់ ដែលជាអំណោយរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សរុបចំនួន ៤០ ប្រគល់ជូនមណ្ឌលព្យាបាលកម្រិតស្រាលនៃវិទ្យាល័យដំដែកផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕