ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងអនុព័ន្ធយោធាសហរដ្ឋអាមេរិកតែងតាំងថ្មី

37

 

ភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ព្រមជាមួយនឹងវត្តមានរបស់លោកវរសេនីយ៍ឯក Thang Ly ដែលត្រូវណែនាំខ្លួនក្នុងឱកាស ដែលលោកត្រូវចូលកាន់តំណែង ជាអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី។

នៅក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យបានល្អ និងអំពីភាពជោគ ជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យសុខាភិបាលដែលបានអនុវត្តកន្លងមក ដើម្បីលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរចំពោះគោល នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការយ៉ាងលឿនរហ័ស និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយរហូតមកដល់ពេលនេះ សម្រេចលទ្ធផលជាង ៩០% លើចំនួនប្រជាជនគោលដៅ។

ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់អំពីជំហររបស់កងទ័ពជើងគោកកម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរង់ចាំស្វាគមន៍ជានិច្ច ក្នុងការសហការជាមួយ លោកអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ដើម្បីពិភាក្សាកិច្ចការនានាពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងនោះរួមទាំងរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Johnson & Johnson ជាង ១ លានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (Covax) ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កាលពីខែកក្កដា និងសីហាកន្លងទៅ ដែលនេះគឺជាផ្នែកមួយ នៃការគាំទ្រជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជានៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង