ម្ចាស់ខុនដូ ចូលទៅចាក់ពីរនាក់ប្តីប្រពន្ធស្លាប់ក្នុងថ្លុកឈាម ហើយលោតពីលើអគារខុនដូ ចុះមកក្រោម រងរបួសធ្ងន់
ភ្នំពេញ ៖ បុរសជនជាតិហ្វីលីពីនម្នាក់ ជាម្ចាស់ខុនដូ បានឡើងទៅបន្ទប់ជាន់ទី១ នៃខុនដូ បានយកកន្រ្តៃចាក់សម្លាប់ទៅលើពីរនាក់ប្ដីប្រពន្ធ បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម រួចជនដៃដល់បានរត់ចេញពីបន្ទប់ជនរងគ្រោះ មកលោតពីលើអគារខុនដូជាន់ទី១ ចុះមកក្រោមបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យឯកជន កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចអគារខុនដូ លេខ២៥ ផ្លូវ ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះទាំងពីរនាក់ទី១ ឈ្មោះ jerry cervanez ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរទីផ្សារពាណិជ្ជកម្មអនឡាញ ស្នាក់នៅកន្លែងកេីតហេតុ។ ជនរងគ្រោះទី២ ជាប្រពន្ធឈ្មោះ Grae vabes ceevanez ភេទស្រី អាយុ៤១ឆ្នាំ មុខរបរទីផ្សារអនឡាញ ស្នាក់នៅក្លែងកេីតហេតុ។ ចំណែកជនដៃដល់ឈ្មោះ vun yabes ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរម្ចាស់ទីតាំងខុនដូខាងលើ (រងរបួសធ្ងន់) បច្ចុប្បន្នបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេម៉ា។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថានៅ មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិហ្វីលីពីនម្នាក់ បានឡើងទៅលើអគារខុនដូជាន់ទីមួយ ចូលទៅក្នុងបន្ទប់ពីរនាក់ប្ដីប្រពន្ធ ជាជនជាតិហ្វីលីពីនដូចគ្នា ធ្វើការចាក់សម្លាប់ពីរនាក់ប្ដីប្រពន្ធ បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ក្រោយមកជនដៃដល់ក៏រត់ចេញពីបន្ទប់ជនរងគ្រោះមកក្រៅ លោតពីលើអគារជាន់ទីមួយ បណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹងត្រូវបានរថយន្តមន្ទីរពេទ្យឯកជន ដឹកទៅជួយសង្គ្រោះផងដែរ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងអាវុធហត្ថ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការហ៊ុំព័ទ្ធខ្សែនឹងទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ក៏ដូចជាក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ដើម្បីចុះមកយកសំណាក រួចជាលទ្ធផលអវិជ្ជមានទាំងពីរនាក់។ រួចសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះទាំងពីរនាក់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងរង់ចាំមើលស្ថានភាពរបួស និងធ្វើការយាមកាម នៅឯមន្ទីរពេទ្យ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីនៅពេលក្រោយ៕