ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូងខេត្តរតនគិរី ចេញដីកាឃុំខ្លួនមន្ត្រីអាវុធហត្ថម្នាក់ដាក់ពន្ធនាគារ ក្រោយបរិហារកេរ្តិ៍ជាសាធារណៈលើអភិបាលខេត្ត និងបង្កហិង្សាលើអាចារ្យភ្លុក

157

រតនគិរី៖ សមត្ថកិច្ចបញ្ជូនខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ម្នាក់ទៅពន្ធនាគារខេត្ត ករណីបង្កអំពើហិង្សាដោយចេតនាលើអាចារ្យភ្លុក និងបរិហារកេរ្តិ៍ជាសាធារណៈលើអភិបាលខេត្ត លោក ថង សាវុន។ មន្ត្រីអាវុធហត្ថខេត្តរតនគិរី ម្នាក់ ឈ្មោះ ទួង ចាន់ បានបញ្ជូនខ្លួនទៅពន្ធនាគារខេត្តរតនគិរីកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ម្សិលមិញពីបទហិង្សាដោយចេតនា និងបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពីចៅក្រមចេញដីកាឃុំខ្លួន

លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ម្តាយបង្កើតរបស់លោកវរសេនីយ៍ត្រី ទួង ចាន់ មុខងារអនុប្រធានមន្ទីរភស្តុភារ នៃកងរាជអាវុធហត្ថ ខេត្តរតនគិរី បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសម្រាកព្យាបាលបឹងកន្សែង។ បន្ទាប់មកក្រុមគ្រូពេទ្យក៏បានដឹកសពទៅកន្លែងបូជា ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ នៅវត្តគិរីសោភ័ណ ហៅវត្តអូរភ្លង។ នៅកន្លែងបូជាសពលោកវរសេនីយ៍ត្រី ទួង ចាន់ បានបញ្ចេញអាកប្បកិរិយាច្រងេងច្រងាង ប្រើពាក្យសម្តីមិនសមរម្យ និងបានវាយលោកអាចារ្យភ្លុក ត្រូវមួយដៃ។

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី ទួង ចាន់ បានបង្ហោះព័ត៌មានតាមគណនីហ្វេសប៊ុកឈ្មោះ Chheang Sok ដោយសរសេរប្រមាថទៅលើអភិបាលខេត្តរតនគិរី ទៀតផង។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការស៉ើបអង្កេត ស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ ឈ្មោះ ទួង ចាន់ ជានាយទាហាននៃកងរាជអាវុធហត្ថរតនគិរី បន្ទាប់មកបានស្នើសុំព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនបុគ្គលនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

កងរាជអាវុធហត្ថ បានសង្កត់ធ្ងន់ៗថា យោធិន នៃកងរាជអាវុធហត្ថ ជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការអនុវត្តច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បើបុគ្គលណាមិនគោរព ឬប្រព្រឹត្តល្មើសច្បាប់ ត្រូវតែអនុវត្តតាមច្បាប់ ឬអនុវត្តទណ្ឌកម្មវិន័យ ដូចទិសស្លោកដែលបានដាក់ចេញ «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»

អត្ថបទដែលជាប់ទាក់ទង