ឃាត់ខ្លួនកូនទំនើង ទាត់ឪពុករបួសធ្ងន់ ដោយសារខឹងប្រដៅណែនាំ រឿងមិនជួយធ្វើការងារ
បន្ទាយមានជ័យ ៖ កូនទំនើងម្នាក់ញៀនថ្នាំ មិនដែលជួយធ្វើការងារឪពុកម្តាយ ដេកចាក់តែធុងបាសរំខានដល់អ្នកជិតខាង ពេលដែលឪពុកប្រដៅណែនាំ បែរជាផ្ទុះកំហឹងឈ្លោះប្រកែកជាមួយឪពុក ឈានដល់ទាត់ឪពុក មួយជើងត្រូវឆ្អឹងជំនីរដួលបោកក្បាលរបួសធ្ងន់ ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាឪពុកបង្កើតឈ្មោះ ព្រំ ភិត ភេទប្រុសអាយុ៦៥ឆ្នាំស្ថិតនៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនបង្កឈ្មោះ ភិត ចាន់ឌី ភេទប្រុស អាយុ៣៦ឆ្នាំ នៅផ្ទះជាមួយឪពុកជាជនរងគ្រោះ ។
ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនដៃដល់ ឈ្មោះ ភិត ចាន់ឌី នេះមិនដែលជួយធ្វើការងារនោះទេ ដេកតែចាក់ធុងបាសរំខានគេឯង ។ ដោយឃើញពីទង្វើរបស់កូនខុសគេ ឪពុកបានណែនាំ ក៏កើតជារឿងជម្លោះ រហូតឈានដល់កូនដែលប្រដៅមិនបាននេះទាត់ឪពុក០១ជើង ត្រូវចំឆ្អឹងជំនីរ បណ្តាលឲ្យដួលបោកក្បាលនឹងប្រូស៊ីម៉ងត៍ពកចិញ្ចើមខាងមុខ និងឈឺចុកចាប់ត្រង់ឆ្អឹងជំនីរ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
នគរបាលបានបញ្ជាក់ថា៖ ឈ្មោះ ភិត ចាន់ឌី នេះ ជាមុខសញ្ញាប្រើប្រាសគ្រឿងញៀន ធ្លាប់បានយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២ដងរួចមកហើយ តែជននេះមិនកែប្រែ។
បច្ចុប្បន្ន ជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិង្ហ ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕