ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ៉ាង យី បានដឹកនាំគណ:ប្រតិភូមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ

436

ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណ:ប្រតភូអញ្ជើញមកដល់កម្ពុជា នៅម៉ោងជាង១១ព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយ:ពេល២ថ្ងៃ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
ការមកដល់របស់ប្រមុខការទូតចិន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន បញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះលោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានអាហារការងារពេលព្រឹកជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោកក៏នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។

សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។

ក្រសួងការបរទេសបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន។

បើតាមសេចក្តីប្រកាសរបស់ ស្ថានទូតចិនប្រចាំនៅកម្ពុជា, ចាប់ពីថ្ងៃទី១០ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នឹងធ្វើទស្សនកិច្ចកម្ពុជា និងប្រទេសជាមិត្តចំនួន៣ផ្សេងទៀត ដែលក្នុងនោះរួមមានវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងផងដែរ។

កាលពីឆ្នាំ២០២០ កន្លងទៅ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ផងដែរ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារ៣ទៀត ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រោងជ្រោយជាមួយកម្ពុជាផងដែរ។

កម្ពុជា និងចិន បានចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុនរបស់រដ្ឋាភិបាលចិន។ទំនាក់ទំនងនេះ បានរីកចម្រើនជាបន្តបន្ទាប់ ហើយនៅក្នុងខែធ្នូឆ្នាំ២០១០ កម្ពុជា-ចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» អំឡុងជំនួបវាង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (WenJiabao)។ បន្ថែមពីនេះកាលពីឆ្នាំ២០១៨ អំឡុងពេលបំពេញទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ភាគីទាំងពីរក៏បានកសាងនូវសហគមន៍មួយ ជោគវាសនាតែមួយ ដោយធ្វើឲ្យទំនាក់ទំនងដៃជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង