ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាយការណ៍ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងឱកាសពិធីប្រគល់-ទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតជោ

52

 

CAMSOC-ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្លែងថា សមិទ្ធផលដ៏ល្អប្រណីតដែលជាជំនួយហិរញ្ញប្បទានឥតសំណងដ៏ធំ និងដំបូងបង្អស់នៅអាស៊ីរបស់មហាមិត្តចិននាពេលនេះ គឺជាចំណងដៃដ៏ពិសិដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង និងប្រជាជនចិន ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា សម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games 2023។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ដូច្នេះក្នុងឱកាសពិធីប្រគល់-ទទួល វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតជោ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ទៀតថា « ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ខ្ញុំបាទសូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឆ្លៀតឱកាសក្នុងបេសកកម្មដ៏មមាញឹក អញ្ជើញផ្តល់កិត្តិយសជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ដ៏ មហោឡារិកនាពេលនេះ»។

វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងដោយគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១,១ប៊ីលានយ័ន ត្រូវនឹងប្រមាណ ១៥០លានដុល្លារអាមេរិក។ គំនូរសំណង់ស្ថាបត្យកម្មនៃវិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ ត្រូវបានជ្រើសរើសដោយសម្ដេចតេជោនាយកដ្ឋមន្តីផ្ទាល់ បន្ទាប់ពីភាគីចិន និងកម្ពុជា បានដាក់ជូននូវគំរូប្លង់ស្ថាបត្យកម្ម ៣ជម្រើសគោរពជូនសម្តេចតជោរួចមក។

វិមានកីឡដ្ឋាននេះ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សុង ប៉ អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយសាងសង់លើផ្ទៃដីទំហំ ១៦,៤ ហិកតា ផ្ទៃក្រឡាសំណង់អគារ ៨៦,០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី។ សំណង់នេះ ប្រើប្រាស់កម្លាំងពលកម្មដែលជាបុគ្គលិក និងកម្មករជំនាញចិន ២៧០នាក់ និងកម្មករជំនាញ កម្លាំងពលកម្មខ្មែរចំនួន ៥៥០នាក់។

វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន (ដែលនាពេលនេះ ខ្ញុំបាទសូមសម្តែងអំណរគុណចំពោះឯកឧត្តម ឈាន ខឺមីង (Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន) ដែលលោកបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។ ការសាងសង់វិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ បានប្រើប្រាស់រយៈពេល ៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

«រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការបច្ចេកទេសមួយ សម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតជោ ដែលដឹកនាំដោយប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញជាសមាជិក។ គណៈកម្មការនេះ តែងបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ គាំទ្រលើកទឹកចិត្ត និងបានដោះស្រាយរាល់សំណើ និងសំណូមពររបស់ក្រុមហ៊ុនសាងសង់បានទាន់ពេលវេលាជានិច្ច។ ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមសម្ដែងនូវអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ និងរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ច នគរបាល និងកងរាជអាវុធហត្ថ ដែលតែងបានផ្តល់នូវការគាំទ្រ និងកិច្ចសហការដ៏ល្អនេះ។
ជាងនេះទៅទៀត ក្នុងដំណាក់កាលសាងសង់ ក្រុមហ៊ុនតែងតែបានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំកម្ពុជា និងពីសំណាក់ ឯកឧត្តម ឯកអគ្គរដ្ឋទូត លោកទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតចិនប្រចាំកម្ពុជាជាប់ជាប្រចាំ»។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន។
សម្ដេចតេជោនាយករដ្ឋមន្រ្តី អមដំណើរដោយ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីតភ្ជាប់កៅអីចុងក្រោយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានពិនិត្យ និងសម្រេចជ្រើសរើសដោយផ្ទាល់នូវប្លង់រចនាបថ និងពណ៌កៅអីអង្គុយ ព្រមទាំងបានអនុម័តលើខ្លឹមសារផ្ទាំងសិលាចារឹកកំណត់ត្រាប្រវត្តិនៃការសាងសង់វិមានកីឡដ្ឋាននេះ។ ទន្ទឹមនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តការណ៍ SEA Games និង ASEAN Para Games 2023–CAMSOC អមដំណើរដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនធាន ក៏បានចុះពិនិត្យការដ្ឋានសាងសង់ និងសំណេះសំណាលសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ បុគ្គលិក ជំនាញ និងកម្មករសំណង់ផងដែរ។

ឯកឧត្តមបណ្ឌិតសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុនសាងសង់ដែលទោះបីក្នុងដំណាក់កាលកូវីដ១៩ក្តី បាន យកចិត្តទុកដាក់ធ្វើការគ្រប់គ្រងកម្មករទាំងអស់ ទាំងចិន និងខ្មែរ បានយ៉ាងហ្មត់ចត់ ស្របតាមវិធានសុខាភិបាល និងបានខិតខំជំរុញដំណើរការសាងសង់ជាប់ជាប្រចាំ ដោយភាពរលូនគ្មានរអាក់រអួល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមអរគុណ ដល់ក្រុមហ៊ុនដែលតែងតែបង្ហាត់បង្រៀន និងជួយផ្តល់បទពិសោធន៍ផ្នែកជំនាញ ដល់កម្មករកម្ពុជា។

វិមានកីឡដ្ឋាននេះ សាងសង់ឡើងក្រោមទស្សនទានប្រជាសាស្រ្តជាធំ ដែលជាគោលដៅបម្រើសុខុមាលភាព សោភ័ណភាព រក្សាប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានកម្រិតខ្ពស់។ ក្នុងនោះ ធាតុផ្សំនៃអរិយធម៌ខ្មែរដ៏សម្បូរបែប ត្រូវបានដាក់ជាធាតុចូលដ៏សំខាន់ក្នុងរូបភាពសំណង់ទាំងមូលដូចជា៖ រូបរាងសំពៅ និមិត្តរូបដៃសំពះ ដែលមានក្នុងរចនាបថសំណង់ស្ថាបត្យកម្មខ្មែរ បាននិម្មិតចេញជាទស្សនីយភាពថ្មី ប្លែក និងអស្ចារ្យ។ ប៉មខ្ពស់ទាំងពីរ ដែលមានកម្ពស់៩៩ម៉ែត្រ ជាសក្ខីភាពនៃថាមពលដ៏រឹងមាំនៃស្មារតីមិត្តភាព សាមគ្គីភាព និងសន្តិភាពជាអមតៈលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងទិដ្ឋភាពបច្ចេកទេស វិមានកីឡដ្ឋាននេះ បានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ តាមស្តង់ដារកីឡាអន្តរជាតិ ដែលអាចជួយអោយកម្ពុជាកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា ក៏ដូចជាព្រឹត្តិការណ៍ទេសចរណ៍ និងពាណិជ្ជកម្មធំៗផងដែរ។

ជាងនេះទៀត វិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ បានសាងសង់ឡើងក្នុងកម្រិតស្តង់ជាសុវត្ថិភាពខ្ពស់ ពោលគឺ អាចជម្លៀសមនុស្ស ៦ម៉ឺននាក់ ចេញពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយប្រើរយៈពេលតែ ៧នាទីប៉ុណ្ណោះ។ ពិធីប្រគល់-ទទួល វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជានិម្មិតរូបនៃមិត្តដែកថែប រវាងប្រទេសយើងទាំងពីរ និងប្រជាជនយើងទាំងពីរ កម្ពុជា ចិន។

សមិទ្ធផលដ៏ល្អប្រណីតដែលជាជំនួយហិរញ្ញប្បទានឥតសំណងដ៏ធំ និងដំបូងបង្អស់នៅអាស៊ី របស់មហាមិត្តចិននាពេលនេះ គឺជាចំណងដៃដ៏ពិសិដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង និងប្រជាជនចិន ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា សម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games 2023។ ក្រោយព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 វិស័យកីឡាកម្ពុជា ពិតជានឹងឈានចូលក្នុងរបត់ថ្មីមួយនៃការអភិវឌ្ឍប្រកបដោយគុណផលកីឡាខ្ពស់ និងមានឧត្តមភាពលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមថ្លែងអំណរគុណ ដល់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡាជាតិ ដែលបាន និងកំពុងខិតខំរួមគ្នា អភិវឌ្ឍជំនាញវិជ្ជាជីវៈកីឡា ឲ្យបានរឹងមាំប្រកបដោយសក្តានុពលលើឆាកជាតិ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ចុងក្រោយថា «ក្នុងនាមចលនាអូឡាំពិក និងមហាគ្រួសារកីឡាជាតិ ខ្ញុំបាទសូមសម្តែងនូវការដឹងគុណដ៏ជ្រៀលជ្រៅបំផុត ចំពោះសម្ដេចតេជោនាយករដ្ឋមន្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាជាតិ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជាថ្មីម្តងទៀតចំពោះរដ្ឋ ភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវជំនួយហិរញ្ញប្បទានឥតសំណងដ៏មហិមានេះដល់កម្ពុជា។ ខ្ញុំបាទសូមប្តេជ្ញាចិត្តបន្តកិច្ចសហការដ៏រឹងមាំជាមួយនឹងភាគីមិត្តចិន និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគ្រប់គ្រង ថែរក្សានូវសមិទ្ធផលដ៏មហាអស្ចារ្យនេះ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកីឡា និងសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងសម្រាប់យុវជនជំនាន់ក្រោយ»៕

   

អត្ថបទដែលជាប់ទាក់ទង