ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ៖ ណែនាំឱ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សានិងសិស្ស ត្រូវគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)

370

 

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការផ្ដាំផ្ញើឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សានិងសិស្សទាំងអស់ ត្រូវគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសឹក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលសាលាត្រូវបានបើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះ។

ការលើកឡើងបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែលលោកដឹកនាំអាជ្ញាធរ និងមន្ទីរអប់រំយុវជននិងកីឡាចុះពិនិត្យមើលការបើកឱ្យដំណើរការ គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនឡើងវិញ នាព្រឹកថ្ងៃទី១៥ខែកញ្ញានេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ,វិទ្យាល័យចតុមុខ និងសាលារៀន ICS ស្ថិតក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ដើម្បីអោយដំណើរការនៃការបើកសាលារៀនឡើងវិញ ជាជំហានដំបូងនេះ ទទួលបាននូវភាពជោគជ័យ លោកស្នើឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សានិងសិស្សានុសិស្សទាំងអស់ ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួង អប់រំយុវជននិងកីឡា ពិសេសគឺការអនុវត្តនូវអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣កុំនិង៣ការពារ។

លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា អាជ្ញាធររាជធានី ក្នុងនាមជាម៉ែ ជាឪ ប្រជាពលរដ្ឋ យើងពិតជាមានការព្រួយបារម្ភខ្លាំង ការបើកសាលាឡើងវិញនេះ ដោយហេតុនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើការធ្វើតេស្តកូវីដ-១៩ លើលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សានិងអាណាព្យាបាលសិស្ស ជាមួយនិងការ សម្អាតបរិស្ថានទីធ្លាសាលារៀន និងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាផងដែរ។ ការងារនេះយើងមិនបញ្ចប់ត្រឹមនេះទេ គឺនៅតែបន្តធ្វើ ដើម្បីកុំឲ្យមានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ដែលធ្វើយ៉ាងណាឲ្យដំណើរការនៃការបើកសាលារៀនឡើងវិញនេះទទួលបានភាពជោគជ័យ។

លោកបានបញ្ជាក់បន្ថែមថា ការបើកសាលារៀនឡើងវិញនេះ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាក្រសួងអប់រំនិងយុវជននិងកីឡា មិនមានការបង្ខិតបង្ខំឲ្យ
សិស្សានុសិស្ស ត្រូវតែចូលមករៀន នៅក្នុងសាលាដាច់ខាត នោះទេ គឺស្ថិតទៅលើការស្ម័គ្រចិត្តរបស់ឪពុក ម្ដាយ អាណាព្យាបាលសិស្សានុសិស្ស ពោលគឺពួកគាត់ អាចចូលរៀននៅតាមសាលាក៏បាន ឬរៀនតាម online ក៏បាន។

ពាក់ព័ន្ធនឹងការបើកសាលាឡើងវិញ លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា គ្រប់បណ្ដាគ្រឹះស្ថានរដ្ឋនិងឯកជន ដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឲ្យដំណើរការសម្រាប់ថ្ងៃទី ១៥ខែកញ្ញានេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា សាលាទាំងអស់នោះ បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួង អប់រំយុវជននិងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង