ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីវិវាទិ៍ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនocic អូសបន្លាយជាង៣ឆ្នាំ ដោយមិនមានដំណោះស្រាយ

260

 

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១នេះ អង្គការអាដហុក បានចេញរបាយការណ៍ពីករណីវិវាទិ៍ដីធ្លី រវាងប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ស្រុកស្អាង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (ocic) ដោយបញ្ជាក់ថា សមត្ថកិច្ចនគរបាលដោះលែង ប្រជាពលរដ្ឋចំនួន២១នាក់ និង ៩នាក់ទៀត ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ បញ្ជាប់ពីចោទប្រកាន់។

សមាគមអាដហុក បានលើកឡើងថា ប្រជាពលរដ្ឋចំនួន៣០នាក់ ដែលសមត្ថកិច្ចនគរបាលស្នងការខេត្តកណ្តាល បានចាប់ខ្លួន ក្រោយពេលមានការប៉ះទង្គិចគ្នា កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលស្នងការដ្ឋានខេត្តកណ្តាល បានដោះលែងចំនួន២១នាក់វិញហើយ បន្ទាប់ពីធ្វើកិច្ចសន្យាឲ្យឈប់ធ្វើការតវ៉ា នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ និង ៩នាក់ទៀត ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្តកណ្តាល តាមនីតិវិធីច្បាប់ នារសៀលថ្ងៃដដែលនេះដែរ ។

ប្រជាពលរដ្ឋទាំង៩នាក់ ដែលសមត្ថកិច្ចបានបញ្ជូនមកសាលាដំបូងខេត្តកណ្តាល ត្រូវបានលោក វ៉ាន់ សុបញ្ញា ចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល បន្ទាប់ធ្វើការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។

ករណីវិវាទិ៍ដីធ្លីរវាងប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ស្រុកស្អាង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (ocic) បានអូសបន្លាយជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៨ ដោយមិនមានដំណោះស្រាយដែលទទួលយកបានពីប្រជាពលរដ្ឋដែលកំពុងទាមទារតវ៉ាទាំងនេះនៅឡើយ ខណៈដែលប្រជាពលរដ្ឋបានធ្វើការទាមទារតវ៉ា ដាក់បណ្តឹង និងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់នាពេលកន្លងមកនេះក៏ដោយ ក៏មិនទាន់មានដំណោះស្រាយជូនគាត់ដែលអាចទទួលយកបាននោះទេ ទើបពួកគាត់នៅតែបន្តការទាមទារតវ៉ា រហូតបណ្តាលឲ្យមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងប្រជាពលរដ្ឋចុងក្រោយនេះ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗនេះ បណ្តាលឲ្យមានការចាប់ខ្លួន រងរបួសទាំងសងខាង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន។

ករណីវិវាទិ៍នេះ សមាគមអាដហុកបានកត់សម្គាល់ឃើញថា ការដោះស្រាយមានភាពយឺតយ៉ាវ និងមានការដាក់សំពាធផ្សេងៗ ទៅលើប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីឲ្យពួកគាត់ឈប់ធ្វើការទាមទារតវ៉ា ដើម្បីទទួលយកសំណងដែលកំណត់ដោយអាជ្ញាធរ និងខាងភាគីក្រុមហ៊ុន ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត និងមិនយល់ព្រមទទួលសំណងនេះ ទើបពួកគាត់មានការទាមទារតវ៉ារកដំណោះស្រាយជាបន្តបន្ទាប់បែបនេះ ។

សមាគមអាដហុក ទទូចស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធ អត់ធ្មត់ និងរកដំណោះស្រាយដោយសន្តិវិធី ដោយមានជំហរលើភាពត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងឆាប់រហ័ស ដើម្បីបញ្ចៀសនូវការកើតមានបញ្ហាផ្សេងៗទៀតកើតឡើង ។ សមាគមអាដហុកនឹងបន្តការឃ្លាំមើល រហូតដល់មានដំណោះស្រាយបញ្ចប់វិវាទិ៍ដីធ្លីនេះ៕

អត្ថបទដែលជាប់ទាក់ទង