ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអំពីការបន្ត ផ្តល់វ៉ាក់សាំងដូសទី១ ដល់កុមារ និងមនុស្សពេញវ័យ ចាប់ពីអាយុ១២ឆ្នាំឡើងទៅ ដែលខកខានមិនបានចាក់កន្លងមក

91

 

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបានមកទទួលវ៉ាក់សាំង ឬទើបគ្រប់អាយុទទួលវ៉ាក់សាំង ក្រោយពេលបិទបញ្ចប់យុទ្ធនាការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ កន្លងមក ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រេចបានស្ទើរតែ ១០០ភាគរយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យមួយចំនួនតូចខកខាន មិនបានអញ្ជើញមកទទួលវ៉ាក់សាំង ក្នុងអំឡុងពេលយុទ្ធនាការ ដោយមូលហេតុផ្សេងៗរួមមាន៖ ជាប់អនុវត្តវិធានចត្តាឡីស័ក, មានបញ្ហាសុខភាពត្រូវព្យាបាល, មានធុរៈចាំបាច់ខានមិនបាន ឬទើបគ្រប់អាយុទទួលវ៉ាក់សាំង ក្រោយពេលបិទបញ្ចប់យុទ្ធនាការជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងន័យនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តផ្តល់ជូនប្រជាពលរដ្ឋ និងកុមារ-យុវជនខាងលើនេះ អាចអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ៨ទីតាំង ដែលនៅជិតលំនៅឋាន ឬមណ្ឌលរបស់លោកអ្នករៀងរាល់ម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ដោយឡែក ចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ហើយ ក្នុងអំឡុងពេលយុទ្ធនាការនាពេលកន្លងមក សូមប្រជាពលរដ្ឋ និងមាតាបិតា-អាណាព្យាបាល មេត្តារួសរាន់អញ្ជើញមក ឬនាំយកបុត្រធីតាលោកអ្នកមកទទួលវ៉ាក់សាំងដូសទី២ រៀងរាល់ម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីរសៀល តាមកាលបរិច្ឆេទដែលបានកំណត់ក្នុងបណ្ណចាក់វ៉ាក់សាំង នៅតាមទីតាំងដែលបានអញ្ជើញមកទទូលវ៉ាក់សាំងដូសទី១ នាពេលកន្លងមក។

ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទួលវ៉ាក់សាំងចំពោះប្រជាពលរដ្ឋ ឬកុមារ-យុវវ័យទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា៖ ក្តៅខ្លួន ក្អក-កណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត សូមមាតាបិតា-អាណាព្យាបាល និងអ្នកពាក់ព័ន្ធ ប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំប្រតិបត្តិរបស់ក្រសួងសុខាភិបាល ឬអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ នៅតាមទីតាំងយកសំណាករបស់រដ្ឋ ជាមុនសិន ជៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង