ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីសម្រេច ការបើកទទួលភ្ញៀវទេសចរឡើងវិញ ត្រូវពឹងលើកត្តាចិត្តសាស្ត្រ និងការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងថ្មី
ភ្នំពេញ ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញ ប្រកបដោយជោគជ័យចាំបាច់ ពឹង ផ្អែកលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត និងការត្រៀមខ្លួនរបស់អាជីវ កម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។
ឯកឧត្ដម ថោង ខុន បានថ្លែងបញ្ជាក់ដូចនេះជាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេស ចរណ៍រាជធានី-ខេត្តទាំង២៥ វិស័យឯកជន និងភាគីពាក់ព័ន្ធ។
ឯកឧត្ដម ថោង ខុន បានថ្លែងដូចនេះថា «ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យ យើងចាំបាច់ពឹងផ្អែកលើកត្តាកំណត់សំខាន់២ មានកត្តាខាងក្រៅ៖ សំដៅទៅលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តជាចម្បងរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរ កម្សាន្ត ពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យ និងមានសុវត្ថិភាព។
កត្តាខាងក្នុង៖ សំដៅដល់ការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្ម នៃវិស័យទេសចរណ៍ដែលមានចំណុចគន្លឹះអាទិភាព គឺត្រូវគិតពីដើមខ្សែ ដល់ចុងខ្សែ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ សម្បទាទេសចរណ៍ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងការអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា (SOP) រហូតដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់»។
ឯកឧត្ដម ថោង ខុន បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ទេសចរណ៍ផ្ទៃក្នុងត្រូវបានអ្នកជំនាញលើសាកលលោក ជាពិសេសអង្គការទេសចរណ៍ ពិភពលោក (UNWTO) ចាត់ទុកថាជាឧបករណ៍ដ៏មានប្រសិទ្ធភាព និងប្រកបដោយសក្តានុពលមួយនៅក្នុងការស្តារសេដ្ឋកិច្ចនិងសង្គមឡើងវិញ និងជាពិសេសចូលរួម ក្នុងការសម្រួល និងទ្រទ្រង់ដល់ដំណើរការអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍។ ជាក់ស្តែងវិស័យទេសចរណ៍នៅកម្ពុជា ក៏មិនខុសគ្នាពីបណ្តាប្រទេស ដទៃលើសាកលលោកដែរ ដែលត្រូវពឹងផ្អែកលើទេសចរណ៍ផ្ទៃក្នុងដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងស្ថានភាពទេសចរណ៍ជារួមឡើងវិញ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ផ្អែកតាមបរិបទនៃវិបត្តិកូវីដ-១៩ ឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី ដើម្បីសម្របទៅតាម ស្ថានភាព សេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះមាន៖ ការបំលែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ, ត្រូវពង្រឹង គុណភាព អនាម័យ និងសុវត្ថិភាព ក្នុងការផ្តល់សេវាកម្មនិងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ និងត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការ បង្កើនផលិតភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល់ ទីផ្សារកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។
សូមបញ្ជាក់ដែរថា ជាលទ្ធផលនៃកិច្ចប្រជុំនេះអង្គសន្និបាតបានឯកភាពជារួមលើការដាក់ចេញទិសដៅអនុវត្តបន្ត ពិសេសផ្តោតសំខាន់ទៅលើ៖
១) ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបានស្ថិរភាព និងការបើកដំណើការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ ឡើងវិញ ជាពិសេសដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងប្រកបដោយនិរន្តរភាព ក្រសួងទេសចរណ៍ស្នើសុំឱ្យប្រតិបត្តិករទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងឧស្សាហកម្មទេសចរណ៍ ត្រូវធ្វើការសម្របខ្លួន និងកែប្រែគំរូអាជីវកម្មឱ្យស្របតាមបរិបទនៃគន្លងប្រក្រតីភាពថ្មី (New Normal) ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគោរពនិងអនុវត្តតាមវិធានសុវត្ថិភាពដែលមានធរមាន ជាពិសេសនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍។
២) គ្រប់មន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវក្នុងនាមជាសេនាធិការនៃគណកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវសិក្សា និងវាយតម្លៃមូលដ្ឋានរាជធានីខេត្ត និងគោលដៅទេសចរណ៍អាទិភាព និងប្រជាប្រិយភាពក្នុងការបើកទទួលភ្ញៀវទេសចរ ប្រកបដោយសុវត្ថិភាពតាមរយៈការវាយតម្លៃ លើសូចនាករសមិទ្ធកម្មចំនួន ៤គឺ ៖ អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំក្នុងសហគមន៍។ អត្រានៃការរីករាលដាលជំងឺកូវីដ-១៩។ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី។ ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍នៅមូលដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ជាអាទិ៍ ការអនុវត្តគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា SOP ការចាក់វ៉ាក់សាំងគ្រប់គ្រាន់របស់បុគ្គលិកបំរើការក្នុងមូលដ្ឋានអាជីវកម្ម ការយល់ដឹងពីការអនុវត្តវិធានសុវត្ថិភាព សុខាភិបាល អនាម័យ និងការប្រើប្រាស់បច្ចេកវិទ្យា ជាដំណោះស្រាយ (Technology) ស្របតាមគន្លងប្រក្រតីភាពថ្មី៕