ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

JICA ប្រគល់ ម៉ូតូ៤០០គ្រឿងជូនក្រសួងសុខាភិបាល កម្ពុជា តាមរយៈគម្រោងពង្រឹងសមត្ថភាពឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា

216

 

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៦ កញ្ញា ២០២១នេះថា ពិធីប្រគល់-ទទួលម៉ូតូចំនួន ៤០០ គ្រឿង ត្រូវបានប្រារព្ធឡើង នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រគល់ម៉ូតូចំនួន ៤០០ គ្រឿង ជូនក្រសួងសុខាភិបាល តាមរយៈ “គម្រោងពង្រឹងសមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា” ដែលម៉ូតូទាំងអស់នោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល។

ទីភ្នាក់ងារ JICA នឹងបន្តសហការជាមួយក្រសួងសុខាភិបាល ដើម្បីផ្តល់នូវឧបករណ៍ និងការគាំទ្រផ្នែកបច្ចេកទេសចាំបាច់ផ្សេងៗទៀត ក្នុងកំឡុងពេលដ៏លំបាក នៃជំងឺរាតត្បាតនេះ។ យើងសង្ឃឹមថា ការគាំទ្រទាំងនេះ នឹងអាចជួយដល់បុគ្គលិកសុខាភិបាល ដែលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង