ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី គាំទ្រសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ នៅប្រទេសកម្ពុជា

50

 

ភ្នំពេញ ៖ ថ្ងៃទី១៦ខែកញ្ញានេះ ឯកអគ្គរាជទូត Kang បានជួបជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកបច្ចេកទេសរបស់អូស្ត្រាលី នៅក្នុងវិស័យសំណង់ និងប្រធានបទនានា ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា។

បន្ទាប់ពីកិច្ចពិភាក្សានេះ ឯកអគ្គរាជទូត Kang និង ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ចេញជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការ លើការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៅប្រទេសកម្ពុជា។

ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីក្រុងនានានៅកម្ពុជា បានបង្កើតនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត។ ការដួលរលំនៃអគារធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសោកនាដកម្មនៅកម្ពុជា។ យើងមើលឃើញពីភាពចាំបាច់របស់អូស្រ្តាលី ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅកាន់ សំណើសុំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពរបស់កម្មករសំណង់ ក្រុមគ្រួសាររបស់ពួកគេ និងសាធារណជន រួមទាំងហានិភ័យនានា ទាក់ទងនឹងជំងឺកូវីដ-១៩” ។

ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ អូស្ត្រាលីបាន និងកំពុងគាំទ្រ ក្រសួង ដើម្បីបង្កើតគោលការណ៍ណែនាំដំបូងមួយសម្រាប់កម្ពុជា ដែលផ្តោតទៅលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីពង្រឹងសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការស្លាប់ និងគ្រោះថ្នាក់នានា នៅតាមការដ្ឋានសំណង់នៅកម្ពុជា។ ការគាំទ្រជាបន្តរបស់អូស្រ្តាលី ទៅលើសុវត្ថិភាពការងារក្នុងវិស័យសំណង់នេះ ជាផ្នែកមួយនៃកម្មវិធី “ វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ” របស់អូស្រ្តាលី ដែលមានរយៈពេល ៦ ឆ្នាំ និងមានទឹកប្រាក់ចំនួន ៤៩.៤ លានដុល្លារអូស្រ្តាលី៕

អត្ថបទដែលជាប់ទាក់ទង