សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំប្រជុំដោះស្រាយជាកញ្ចប់ ករណីប្រជាពលរដ្ឋសម្លាប់ពពែតាមផ្ទះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំដោះស្រាយជាកញ្ចប់ ទាំងក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ពាក់ព័ន្ធករណីប្រជាពលរដ្ឋសម្លាប់ពពែ នៅតាមផ្ទះរបស់ពួកគាត់។
បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហោះវីដេអូមន្ត្រីពេទ្យសត្វខេត្តកណ្តាល ចាប់សាច់ពពែរបស់ប្រជាពលរដ្ឋដែលសម្លាប់រួច ដែលបង្កឲ្យមានការជិះគន់យ៉ាងខ្លាំង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់យ៉ាងដូច្នេះថា «សូមឯកឧត្តម [រដ្ឋមន្ត្រីកសិកម្ម] ដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឲ្យស្របជាមួយសភាពការណ៍ និងផល់ប្រយោជន៍ប្រជាជន»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ដំណាក់ការដែលយើងកំពុងស្ថិតនៅ គឺជាដំណាក់ការកសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វ ដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។ ខ្ញុំសុំអរគុណបងប្អូនដែលចូលមកផ្តល់យោបល់ ដែលក្លាយជាធាតុចូលសម្រាប់ការកែលម្អលើរឿងនេះ»។
ករណីចាប់សាច់ពពែ ដែលប្រជាពលរដ្ឋសម្លាប់រួចនេ ត្រូវបានរកឃើញថា កើតឡើងនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញានេះថា
“តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះ ជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។
ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ ”
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្តែងនូវការហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់សម្តេច។
ចំណែកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលទៅឆ្លើយបំភ្លឺនៅក្នុងហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ថា ” ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។
ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម៕