ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈការពារ សន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌឆ្នាំនេះ

64

 

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ជាមួយការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ អោយទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជម្ងឺកូវីដ-១៩។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តការងារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌខាងមុខ ត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតចំពោះការឆ្លងជម្ងឺកូវីដ-១៩ ត្រូវចេះការពារខ្លួនឯង បើទោះបី មានបទពិសោធន៍នាពេលកន្លងមកហើយក្តី ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឃួង ស្រេង ក៏បានណែនាំអោយប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការ អាចារ្យវត្តទាំង១៥១វត្តនៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិអោយបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិនអោយមានហានិភ័យនៃការឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងឈានចូលមកដល់ មិនប៉ុន្មានថ្ងៃទៀតនេះ។ក្នុងវត្តនិមួយៗនៅតាមក្លោហទ្វារវត្តត្រូវបាញ់អាកុលនិងវាស់កំដៅ។

ពាក់ព័ន្ធនិងជម្ងឺកូវីដ-១៩នេះ លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ឃើញថា ការឆ្លងជម្ងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ដែលធ្វើអោយយើងអាចដើរទៅមុខជាជំហានៗ ក្នុងនោះយើងបាន បើកអោយមានការធ្វើចរាចរណ៍ឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋ បើកអោយដំណើរការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះ យើងបានបើកសាលារៀនថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យឡើងវិញថែមទៀត។នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលក៏ណែនាំស្នងការរាជធានីភ្នំពេញ ត្រូវណែនាំកងកម្លាំងបន្ថែម ដើម្បីជៀសបានពីការឆ្លងជម្ងឺកូវីដ-១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ត្រូវល្បាត មើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារអោយបានគង់វង់ពីអំពើចោរកម្ម៕

អត្ថបទដែលជាប់ទាក់ទង