ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសចរាចរណ៏ជាមួយរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២២
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេក ទេសជាមួយរដ្ឋបាលរាជធានីភ្នំពេញ ស្តីពី “គម្រោង អភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការ ថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ” ដែលគម្រោងនេះមានរយៈពេល ៣ឆ្នាំ គ្រោងនឹងចាប់ផ្តើមអនុវត្តន៍នាដើម ឆ្នាំ២០២២ ខាងមុខនេះ។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងតាមប្រព័ន្ធអនឡាញ រវាងរដ្ឋបាលរាជធានីភ្នំពេញ តំណាង ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ JICA ប្រចាំនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ អនុវត្តន៍ឡើងក្នុងគោលបំណងធ្វើឱ្យបរិស្ថានដឹកជញ្ជូនរាជធានីភ្នំពេញ មានភាពប្រសើរ ឡើងប្រកបដោយចីរភាព តាមរយៈប្រតិបត្តិការដ៏មានប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងចរាចរណ៍។ ជាមួយគ្នានេះ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នេះ ត្រូវបានណែនាំ និងដាក់ឱ្យអនុវត្តន៍ កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងមក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ តាមរយៈការអនុវត្តនូវគម្រោងនេះ នឹងរំពឹងថាសមត្ថភាពរបស់មន្ត្រីដែលទទួលបន្ទុកផ្នែកការងារគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ នឹងត្រូវបានពង្រឹង ហើយព្រមគ្នានេះផងដែរ មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍នឹងបន្តបំពេញមុខងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។
បើតាមអង្គការ JICA សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាពតាមរយៈគម្រោង រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នឹងរួមចំណែកដល់ការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកប ដោយសុវត្ថិភាព៕
សំរិត