ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចប្រធាន CAMSOC ត្រួតពិនិត្យវឌ្ឍនភាពការងារ ពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់

142

 

CAMSOC-ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធ ZOOM នៅព្រឹកថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា សម្តេចពិជ័យសេនាប្រធាន CAMSOC បានត្រួតពិនិត្យបន្ថែមលើគ្រោងឆ្អឹងនៃព្រះរាជពិធីសុំភ្លើងអាទិទេពគ្រោងនឹងធ្វើពិធីនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះមហាក្សត្រកម្ពុជា ហើយក៏មានពិធីរត់ភ្លើងគប់ចេញពីកម្ពុជាចេញទៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួចហើយរត់ត្រឡប់ចូលមកកម្ពុជា នៅជុំវិញបឹងទន្លេសាបឆ្ពោះមកពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣តែម្តង ដោយបានកំណត់កាលបរិច្ឆេតរួចរាល់ហើយ។ ចំពោះគម្រោងពិធីបើក-បិទស៊ីហ្គេម ២០២៣ ត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដោយបានរៀបចំផែនការគោលសំខាន់ៗអស់ហើយៗត្រូវបន្តបំបែកកម្មវិធីលម្អិត ដូចជានៅក្នុងកម្មវិធីបើក-បិទនេះមានទស្សនីយភាព ការធនធានសម្តែង សម្ភារ និងគម្រោងថវិកាជាដើម។

ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា ចំពោះការរត់ភ្លើងគប់នេះត្រូវធ្វើការរួមគ្នាសម្រាប់ពិធីរត់ក្នុងប្រទេសគឺជាការសហការគ្នាជាមួយអាជ្ញាធរខេត្ត ខណៈពិធីរត់ភ្លើងគប់នៅបណ្តាប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ត្រូវសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ និងបណ្តាស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗ ដោយCAMSOC បានកំណត់កាលបរិច្ឆេតរួចហើយថាប្រទេសណាត្រូវរត់ភ្លើងគប់នេះ ពីថ្ងៃណាដល់ថ្ងៃណា ហើយការត់ក្នុងស្រុកត្រូវរត់ពីថ្ងៃណាដល់ថ្ងៃណា ដែលពេលវេលាទាំងអស់នេះត្រូវបានកំណត់ជាគោលការណ៍រួចហើយ។ «សម្រាប់កម្មវិធីរត់ភ្លើងគប់នេះត្រូវបានរៀបចំនៅក្នុងកូនសៀវភៅ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ដោយគ្រាន់តែអ្នកជំនាញអនុវត្តតាមគោលការណ៍ដែលបានកំណត់នេះរួចហើយលើកម្មវិធីបើក និងកម្មវិធីបិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព ការរត់ភ្លើងគប់ ដែលមានភាពលម្អិតស៊ីជម្រៅច្បាស់លាស់។ ទាំងអស់នេះគឺជាដំណើរវឌ្ឍនភាពការងាររបស់ CAMSOC ដើម្បីឈានឆ្ពោះទៅធ្វើការលម្អិតរួមបញ្ជូលគ្នានៃផែនការនីមួយៗ ដើម្បីឲ្យមានការទទួលខុសត្រូវខ្ពស់ ជាក់លាក់ប្រកបដោយប្រសិទ្ធភាព»។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបញ្ជាក់លើកិច្ចពិភាក្សាមួយចំនួនទៀត ដែលសម្តេចប្រធានបានណែនាំឲ្យគណៈអចិន្ត្រៃយ៍ CAMSOC ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ពង្រឹងលើកិច្ចប្រជុំបន្ថែមលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រចាំសប្តាហ៍ ឬអាច២ដងក្នុង១សប្តាហ៍។ ឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ហើយថា រៀងរាល់ថ្ងៃចន្ទគឺពិនិត្យទៅលើគណៈកម្មការជំនាញរបស់ខ្លួននីមួយៗថាតើមានបញ្ហាប្រឈមអ្វីខ្លះ មានអ្វីដែលត្រូវជំរុញបន្ត និងការដោះស្រាយជាដើម។ រីឯនៅថ្ងៃអង្គារគឺត្រូវលើកិច្ចការធំៗ និងអាចអញ្ជើញចូលរួមពីសម្តេចប្រធាន CAMSOC ដែលត្រូវដោះស្រាយ និងជំរុញបន្តលើកិច្ចការធំៗទូទៅ៕

អត្ថបទដែលជាប់ទាក់ទង