អាជ្ញាធរ ខេត្តកែបសម្ពោធដាក់ឱ្យដំណើរការនូវឡដុតសំណល់រឹងគ្រោះថ្នាក់ដែលវេចខ្ចប់ចេញេពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩
កែប ៖ អាជ្ញាធរ ខេត្ដកែបសម្ពោធដាក់ឱ្យប្រើប្រាស់ ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ដែលវេចខ្ចប់ចេញពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលសុខភាពផ្សេងទៀត ត្រូវបានធ្វើ
ឡើងនៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក នេត ភក្ត្រា រដ្ឋលេខា ធិការក្រសួងបរិស្ថាន និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានលើកឡើងថា ខេត្តកែបរបស់យើងទទួលបាននៅសមិទ្ធផលដ៏សំខាន់មួយទៀតហើយ សម្រាប់បម្រើដល់ការសម្អាត និងដុតកម្ទេចនូវកាកសំណល់រឹងគ្រោះថា្នក់ដែលប្រើប្រាស់ដោយឧបករណ៍បច្ចេកវិទ្យាអេឡិចត្រូនិច។ លោក បានបន្តថា ឡនេះមានគម្រោងយូរឆ្នាំមកហើយ ដែលជាគម្រោងទីតាំងកោះទន្សាយ តែដោយសារស្ថានភាពជាក់ស្តែង និងតម្រូវការជាក់ស្តែង ទើមប្តូរគម្រោងនេះមកដាក់ទីតាំងនៅក្បែរទីលានចាក់សំរាមវិញ ដែលស្ថិតនៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ហើយសមិទ្ធផលថ្មីនេះ គឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែង សម្របសម្រួល ពីអាជ្ញាធរខេត្ត អាជ្ញាធរក្រុង និង មន្ទីរបរិស្ថាន ក្នុងការចំណាយធនធាន សម្ភារៈ ស្មារតី ទើបមានសមិទ្ធផលនេះកើតឡើងនាពេលនេះ។
លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការប្រើប្រាស់ឡដុតសំណល់រឹងគ្រោះថា្នក់ ដែលមានបច្ចេកវិទ្យាខ្ពស់ ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩
និងពីមណ្ឌលចត្តាឡីស័កនេះ ជាឡទី៥៤ ហើយ ដែលក្រសួងបរិស្ថាន បានប្រគល់ជូនដល់រដ្ឋបាលខេត្ត ហើយក្នុងនោះមានតែខេត្ត ២០ ដែលទទួលបានឡបច្ចេកវិជ្ជានេះ។
លោក នេត្រ ភក្ត្រា បានបន្តថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាផ្នែកមួយជួយបន្ថែមពីលើឡដែលមានស្រាប់តាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេក ទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវ មានមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការយុទ្ធសាស្ត្រនៃគោលនយោបាយ ស្តីពី ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោន ដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹងគ្រោះថ្នាក់ប្រមាណជាង ១០% ចំពោះឡដុតសំណល់រឹងគ្រោះថ្នាក់ដែលស្ថិតនៅទីតាំងខាងលើនេះក្នុងមួយថ្ងៃមានសមត្ថភាពដុតចន្លោះ ៤-៧តោនក្នុងមួយថ្ងៃ ហើយអាចដុតបានក្នុងកំម្រិតជិត ១,០០០ អង្សា ដើម្បីសម្លាប់មេរោគ។
លោក បានរំលឹកថា ប្រជាពលរដ្ឋត្រូវប្រើប្រាស់ស្បោងធំៗដែលមានចំណុះ ១៥ គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបានរយៈពេល៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសំរាមជារៀងរាល់ថ្ងៃ ហើយស្ថាប័នពាក់ព័ន្ធ ត្រូវបាញ់ថ្នាំ ឬបាញ់អាល់កុល សម្លាប់មេរោគកូវីដ-១៩ នៅលើសំរាមទាំងក្នុង និងក្រៅស្បោង ហើយទុកសំរាមដោយឡែក ប្រហែលប្រាំថ្ងៃមុនពេលបញ្ចេញមកខាងក្រៅ៕ សំរិត