ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ADB បន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១ តែរំពឹងថាវានឹងកើនឡើងវិញក្នុងឆ្នាំ២០២២

56

 

ភ្នំពេញ ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ១.៩% ក្នុងឆ្នាំ២០២១ ដោយសារការអូសបន្លាយនៃជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែការងើបឡើងវិញ នៅកម្រិត៥.៥% ត្រូវបានរំពឹងទុក សម្រាប់ឆ្នាំ២០២២។ នេះបើយោងតាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឲ្យប៉ះពាល់ ដល់សេវាកម្ម និងតម្រូវការ ក្នុងស្រុក។ ការបិទខ្ទប់ និងការផ្អាកដំណើរការ រោងចក្របណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិតកម្ម ក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង កាលពីដើមឆ្នាំនេះ។ ដោយផ្អែកលើចំណុចនេះ យើងព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានត្រឹម១,៩% នៅឆ្នាំ២០២១ ទាបជាងការព្យាករ៤,០% របស់យើងកាលពីខែមេសា»។

លោកស្រី Sunniya Durrani-Jamal បានបន្ដទៀតថា យោងតាមការធ្វើបច្ចុប្បន្នភាព ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ២០២១ វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងកើនឡើង ១.៥%។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេស បានរំខានដល់សង្វាក់ ផ្គត់ផ្គង់វិស័យកសិកម្ម ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិត។ ការនាំចេញក្នុង វិស័យកសិកម្ម បានកើនឡើង ៣០.៣%ក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងកំណើនដ៏រឹងមាំ នៃការនាំចេញ កសិផលក្រៅពីអង្ករ។

តម្រូវការក្នុងស្រុក សម្រាប់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និងសេវាកម្មបម្រើផ្ទាល់ផ្សេងទៀត ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារការផ្ទុះឡើង នៃជំងឺកូវីដ១៩ និងការបិទខ្ទប់នានា។ ការរឹតបន្តឹង លើការធ្វើដំណើរអន្តរជាតិនៅតែមាន ហើយការមកដល់នៃភ្ញៀវអន្តរជាតិ បានធ្លាក់ចុះ៩១.៣% ក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ កំណើនវិស័យសេវាកម្មត្រូវបាន ព្យាករថា នឹងធ្លាក់ចុះ០.៦% នៅឆ្នាំ២០២១ ។

ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង (GTF) ក្នុងឆមាសទីមួយឆ្នាំ២០២១ មានកម្រិតទាប ជាងពេលមុនមានជំងឺរាតត្បាត ទោះបីវាមានកម្រិតខ្ពស់ជាងឆ្នាំ២០២០ក៏ដោយ។ ផលិតកម្មផ្សេងទៀត បានបន្តលូតលាស់ ហើយសកម្មភាពសំណង់បានចាប់ផ្តើមងើបឡើងវិញ ជាមួយនឹងការនាំចូល សម្ភារៈសំណង់កើនឡើង ២៣.៥% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើនវិស័យឧស្សាហកម្មត្រូវបានព្យាករនៅកម្រិត ៥.៣% ក្នុងឆ្នាំ ២០២១ ដោយអាស្រ័យ នឹងលទ្ធភាពក្នុងការបង្កើន ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង និងការបន្តនៃភាព រឹងមាំក្នុងវិស័យកម្មន្តសាលផ្សេងទៀត។ រាជរដ្ឋាភិបាល បានចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត ទៅលើសេដ្ឋកិច្ច និងសង្គម។ វិធានការទាំងនោះ រួមមានការផ្តល់វ៉ាក់សាំង និង ការព្យាបាលជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ការជួយឧបត្តម្ភជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ ការជំរុញសេដ្ឋកិច្ច និង កម្មវិធីរៀបចំកម្ចីឡើងវិញ (loan restructuring)។

លោកស្រី Durrani-Jamal បានបន្ថែមថា «ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងធ្វើឲ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល នឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារ សង្គមរបស់ខ្លួន និង លើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងការអប់រំ។ កំណែទម្រង់បន្ត ក៏ចាំបាច់ផងដែរ ដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។ ការធ្វើកំណែ ទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ»។

បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃ២.០៨ពាន់លានដុល្លារនៅកម្ពុជា។ ក្នុងឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង៤៧៧.២លានដុល្លារ ដល់ប្រទេសកម្ពុជា និងផ្តល់បន្ថែមចំនួន ២៨១.៣លានដុល្លារទៀត តាមរយៈ សហហិរញ្ញប្បទាន។ ទឹកប្រាក់បម្រុង ពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមានប្រាក់កម្ចីសម្បទាន ចំនួន១.៤៩ពាន់លានដុល្លារ និងជំនួយឥតសំណង ៣១.៨លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩ របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង