អង្គការសង្គមស៊ីវិល ស្នើឲ្យដោះស្រាយ ជុំវិញទំនាស់ដីធ្លីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី រវាងក្រុមហ៊ុន OCIC និង ប្រជាពលរដ្ឋម្ចាស់ដី
ភ្នំពេញ ៖ អង្គការសង្គមស៊ីវិលចំនួន៣១ កំពុងតាមដានដោយយកចិត្តទុកដាក់ចំពោះវិវាទដីធ្លី រវាងក្រុមហ៊ុន OCIC និង ប្រជាពលរដ្ឋម្ចាស់ដីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
អង្គការសង្គមស៊ីវិលបានពិនិត្យឃើញថា វិវាទនេះកាន់តែមានភាពធ្ងន់ធ្ងរទៅៗ ដោយពុំមានដំណោះស្រាយសមស្រប ហើយឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់ទ្រាយធំមួយបានកើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រវាងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល បានបណ្តាលឲ្យពលរដ្ឋម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋម្ចាស់ដីធ្លីចំនួន ៣០នាក់ត្រូវបានចាប់ខ្លួនមួយរយៈ ហើយមានការដោះលែង។
ក្នុងចំណោមនោះ មានប្រជាពលរដ្ឋចំនួន ០៩នាក់ រួមមានស្ត្រីចំនួន ៤នាក់ត្រូវបានបញ្ជូនទៅតុលាការ និងត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តកណ្តាលកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ហើយទើបត្រូវបានដោះលែងនៅក្រៅឃុំបណ្តោះអាសន្ន និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
អង្គការសង្គមស៊ីវិលបានសង្កេតឃើញថា បញ្ហាកំពុងធ្ងន់ធ្ងរនេះ គឺដោយសារក្រុមហ៊ុនអមដោយអាជ្ញាធរបានចាប់ផ្តើមចូលគ្រប់គ្រងឈូសឆាយលើដីអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលបានប៉ះពាល់ដល់ដីកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ខណៈមិនទាន់មានការឯកភាពលើតម្លៃសំណងសមស្របមួយ ហើយតម្លៃសំណងដែលកំណត់ជាឯកតោភាគីដោយក្រុមហ៊ុននិងអាជ្ញាធរ ផ្តល់ឲ្យពួកគាត់នៅដាច់ឆ្ងាយពីតម្លៃទីផ្សារនាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋមិនអាចទទួលយកបាន ព្រោះមិនអាចយកថ្លៃសំណងនោះទៅទិញដីទំហំប៉ុនគ្នានឹងដីបាត់បង់ នៅក្នុងភូមិឃុំរបស់ពួកគាត់នៅជុំវិញទីតាំងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនោះបានទេ ហើយបញ្ហានេះបានបណ្តាលឲ្យប្រជាពលរដ្ឋម្ចាស់ដីបានប្រើប្រាស់សិទិ្ធស្របច្បាប់ ទាមទារឲ្យមានដំណោះស្រាយសមរម្យដែលពួកគាត់អាចទទួលយកបាន ។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិពេញលេញ ពិសេសយោងតាមមាត្រា៤៤ បានចែងថា ជនណាក៏ដោយ ទោះជាបុគ្កលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ហើយដែលនឹងដកហូតកម្មសិទ្ធិពីជនណាមួយនោះ លុះត្រាតែប្រយោជន៍សាធារណៈត្រូវបានធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញតិ្តទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌។
ម្យ៉ាងទៀតយោងតាមមាត្រា ២២ នៃច្បាប់អស្សាមិករណ៍ បានចែងថា ប្រាក់សំណងដែលត្រូវផ្តល់ឲ្យម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់កម្មសិទ្ធិ ត្រូវគិតតាមថ្លៃទីផ្សារ ឬ ថ្លៃជំនួសនៅកាលបរិច្ឆេទនៃការចេញសេចក្តីប្រកាសស្តីអំពីគម្រោងអស្សាមិករណ៍។ ពិសេសជាងនេះទៅទៀត សំណងត្រូវទូទាត់ជាសាច់ប្រាក់ ជាទ្រព្យ ឬ ជាសិទ្ធិជំនួសទៅតាមភាពជាក់ស្តែងដោយមានការយល់ព្រមពីម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់កម្មសិទ្ធិ និងពីគណៈកម្មការអស្សាមិករណ៍ (មាត្រា២៤នៃច្បាប់ដដែល)។
អង្គការសង្គមស៊ីវិល ទទួលស្គាល់ពីភាពចាំបាច់ក្នុងការកសាងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ដោយសារសេចក្តីត្រូវការអភិវឌ្ឍន៍នៃប្រទេសរបស់យើង ក៏ប៉ុន្តែយើងខ្ញុំសុំស្នើឲ្យស្ថាប័នពាក់ព័ន្ធមេត្តាផ្តល់សំណងដល់ម្ចាស់កម្មសិទ្ធិឲ្យបានសមរម្សស្របតាមថ្លៃទីផ្សារ ចៀសវាងនូវកិច្ចព្រមព្រៀងដែលមានការបង្ខិតបង្ខំ រក្សាបាននូវការគោរពសិទ្ធិមនុស្សសម្រាប់គ្រប់ភាគី ស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទងនឹងទំនាស់ដែលកំពុងកើតទ្បើងនេះ គួរត្រូវដោះស្រាយដោយសន្តិវិធី ពោលគឺត្រូវអញ្ជើញភាគីទំនាស់មកចរចាគ្នា ដោយឈរលើផលប្រយាជន៍ និងសេចក្តីត្រូវការគ្រប់ភាគី។ គ្រប់ភាគីទំនាស់ និងអាជ្ញាធរគួររក្សាឲ្យបាននូវភាពអហិង្សា។ យើងខ្ញុំជឿជាក់ថា ការឈរលើផលប្រយោជន៍ ឬ សេចក្តីត្រូវការគ្រប់ភាគី នឹងនាំឲ្យបញ្ហានេះត្រូវបានដោយស្រាយដោយសន្តិភាព។
ជាចុងបញ្ចប់ អង្គការសង្គមស៊ីវិលយល់ឃើញថា ដំណោះស្រាយដោយអហិង្សាពីគ្រប់ភាគី និងការសម្របសម្រួលដោយឈរលើគតិយុត្តិ ការធានាដល់សិទ្ធិម្ចាស់កម្មសិទ្ទិ និងសំណងសមរម្យដល់សហគមន៍ដែលប៉ះពាល់ ជាមធ្យោបាយល្អបំផុតសម្រាប់ការដោះស្រាយនូវករណីទំនាស់នេះ៕