ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រំចំពុះទាអាហារសមុទ្រ មកពីខេត្តកោះកុង មានវត្តមាននៅផ្សារទំនើបម៉ាក្រូ ជាផ្នែកមួយចូលរួម គាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍

56

 

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានមានសុទិដ្ឋិនិយមថាការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទាដែលមានប្រភពមកពីកោះកុង គឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដូច្នេះធ្វើឡើង ក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រុំចំពុះទារបស់សហគមន៍តំបន់ ការពារធម្មជាតិពាមក្រសោបខេត្តកោះកុងនៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១ នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញ ពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ»។

រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា គ្រំចំពុះទាដែលជាផលិតផលនៅខេត្តកោះកុង ហើយក៏ជាប្រភេទគ្រំមានរសជាតិយ៉ាងឆ្ងាញ់ពិសានេះត្រូវបានគេនាំយកមកដាក់ចែកចាយលក់នៅផ្សារម៉ាក្រូគឺជាជំហានថ្មីមួយទៀតសម្រាប់ពង្រីកទីផ្សារគ្រុំចំពុះទាលើទីផ្សារក្នុងស្រុក និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ផ្សារស្នាដៃម៉ែ និងផ្សារម៉ាក្រូដែលបានជួយចូលរួមសហការ ជាមួយក្រសួងបរិស្ថាននាំយកនូវផលិតផលក្នុងស្រុកមួយនេះមកលក់នៅលើទីផ្សារ។ នេះគឺជាផ្នែកមួយនៃការចូលរួមរកទីផ្សារជូនផលិតផលក្នុងស្រុក និងក៏ជាផ្នែកមួយនៃការចូលរួមអភិរក្សសមុទ្រជាពិសេសចូលរួម ក្នុងការការពារព្រៃកោងកាងនៅក្នុងតំបន់ខេត្តកោះកុង ដែលជាប្រភពសុវត្ថិភាពស្បៀងអាហារដ៏សំខាន់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

គួរបញ្ជាក់ថាការនាំយកគ្រំចំពុះទាមដាក់លក់នៅផ្សារម៉ាក្រូនេះធ្វើឡើងក្រោមកិច្ចសហការរបស់គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ជាមួយផ្សារម៉ាក្រូទាំងនៅភ្នំពេញ និងខេត្តសៀមរាប បានរៀបចំបើកលក់ផលិតផលគ្រំចំពុះទាកោះកុងក្នុងតម្លៃពិសេសចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី ០៥ ខែតុលាឆ្នាំ២០២១។ ឯកឧត្តមនេត្រ ភក្រ្តាបានថ្លែងថា គ្រំចំពុះទាល្បីល្បាញឈ្មោះនៅបរទេសដោយសារវាមានរសជាតិឆ្ងាញ់ពិសា ប៉ុន្តែសម្រាប់កម្ពុជាវិញប្រជាពលរដ្ឋហាក់មិនសូវស្គាល់គ្រំប្រភេទនេះច្រើនប៉ុន្មាននៅឡើយទេ។ សម្រាប់ការដាក់លក់គ្រំចំពុះទាខេត្តកោះកុងនៅផ្សារម៉ាក្រូនាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីការពង្រីកកាន់តែទូលាយនូវទីផ្សារផលិតផលរបស់សហគមន៍ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចគ្រួសារសហគមន៍ ក៏ដូចជាចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ។

ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថា៖ «កាលដែលបងប្អូនចូលរួមគាំផលិតផលទាំងអស់នេះមានន័យថា បងប្អូនចូលរួមក្រសួងបរិស្ថានក្នុងការការពារនូវធនធានធម្មជាតិរបស់យើង ការបង្កើនការងារទៅប្រជាពលរដ្ឋនៅមូលដ្ឋាន នៅសហគមន៍ ដែលមានន័យថាសហគមន៍គាត់មានការងារ គាត់មានចំណូល ហើយមួយផ្នែកទៀតចូលរួមក្នុងការការពារដើមកោងកាងផង»។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការប្រកាសផ្សព្វផ្សាយលក់គ្រំចំពុះទារបស់ខេត្តកោះកុងនៅផ្សារម៉ាក្រូនេះក៏ជាផ្នែកមួយក្នុងគោលបំណងធ្វើឱ្យផលិតផលគ្រំចំពុះទាកោះកុងទទួលបានការគាំទ្រផលិតផលរបស់សហគមន៍ពីសំណាក់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារនិងប្រជាពលរដ្ឋទូទៅផងដែរ។ លើសពីនេះក៏ជាការលើកទឹកចឹត្តសហគមន៍ប្រមូលគ្រំចំពុះទា ក្នុងការចូលរួមសកម្មភាពផ្សព្វផ្សាយ និងបង្កើនចំនេះដឹងលើការអភិវឌ្ឍផលិតផល និងកែច្នៃអាហារផង»។ ក្រៅពីនេះតាមរយៈការដាក់លក់ផ្សព្វផ្សាយលក់គ្រំចំពុះទានៅផ្សារម៉ាក្រូនេះ ឯកឧត្តមសង្ឃឹមថានឹងជួយផ្សព្វផ្សាយ ពីផលិតផលអាហារសមុទ្រនេះឱ្យបានកាន់តែជ្រួតជ្រាបដល់ពលរដ្ឋកម្ពុជា ហើយងាកមកបរិភោគអាហារមួយនេះកាន់តែច្រើនឡើង។

ឯកឧត្តម ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានថ្លែងថា នៅក្នុងខេត្តកោះកុងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កំពង់ប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃគ្រំចំពុះទាផងដែរ ទន្ទឹមនឹងនេះគម្រោងនិរន្តរភាបទេសភាណនិងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) កំពុងគាំទ្រដើម្បីផ្សព្វ ផ្សាយ និងបង្កើតទីផ្សារក្នុងស្រុកជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងបានជាមួយផលិតផលនាំចូល ក្នុងការផ្គត់ផ្គង់តាមផ្សារទំនើប និងសណ្ឋាគារលំដាប់ខ្ពស់នៅ កម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ លោកបានង្លែងថា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ គម្រោង CSLEP និងចូលរួមជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនានា លើសកម្មភាពសេដ្ខកិច្ចដែលមានមេត្រីភាពជាមួយការអភិរក្ស។ ទន្ទឹមនឹងនេះការរៀប ចំគោលនយោបាយស្តីពីការនាំចេញផលិតផលគ្រំចំពុះទាក៏ជាអាទិភាពសម្រាប់គម្រោង CSLEP ដើម្បីកែលម្អរស្ថានភាពទីផ្សារក្រៅប្រទេសផងដែរ។

បច្ចុប្បន្ន គម្រោងបានសហការជាមួយក្រុមហ៊ុនស្នាដៃម៉ែ និងក្រុមហ៊ុនម៉ាក្រូកម្ពុជា ដើម្បីរៀបចំដំណើរការកែច្នៃផលិតផលប្រកបដោយគុណភាព និងអនាម័យ សម្រាប់ផ្គត់ផ្គងចូលទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ កញ្ញា ផល ចរិយា នាយកប្រតិបត្តិផ្សារស្នាដៃម៉ែ បានឱ្យដឹងថា បន្ទាប់ពីមានការចង្អុលបង្ហាញពីក្រសួងបរិស្ថាន និងមានការយកចិត្តទុកដាក់ខាងផ្សារម៉ាក្រូផ្ទាល់ ដែលចង់លើកកម្ពស់ផលិតផលក្នុងស្រុក ទើបក្រុមហ៊ុនកញ្ញាបានយកគ្រំចំពុះទាដែលជាអាហារធ្លាប់តែល្បីល្បាញ មកដាក់លក់ផ្សព្វផ្សាយនាពេលនេះតែម្តង។ កញ្ញាបានបន្តឱ្យដឹងថា កន្លងមកទីផ្សារលក់គ្រំចំពុះទាមិនទាន់ទូលំទូលាយនៅឡើយ ហេតុនេះទើបខាងក្រុមហ៊ុនយកមកផ្សព្វផ្សាយលក់ ហើយសង្ឃឹមថាពលរដ្ឋកម្ពុជានឹងជួយគាំទ្រឱ្យបានផុលផុស ពីព្រោះថាក្រៅពីជួយលើកស្ទួយផលិតផលក្នុងស្រុក ហើយវានៅជួយដល់ជីវភាពប្រជាសហគមន៍ដែលជាអ្នកដាំគ្រំប្រភេទនេះផង។ នាយកប្រតិបត្តិផ្សារស្នាដៃម៉ែរូបនេះបានបន្ថែមថា ចាប់ពីពេលនេះពលរដ្ឋខ្មែរអាចរកទិញគ្រំចំពុះទាតាមទីផ្សារទំនើប បានគ្រប់ខេត្តក្រុងពីព្រោះថាមានការដាក់លក់យ៉ាងទូលំទូលាយហើយផងដែរ។

គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុងអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ ៣.២១០ តោន ក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយ ផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។ ពិតណាស់គ្រំប្រភេទនេះងាយរស់ ងាយចិញ្ចឹម ហើយក៏ងាយស្លាប់ដែរ។ វារស់នៅធំធាត់បានដោយស្វ័យជីវិត ក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ។ ការរស់នៅរបស់វា អាស្រ័យដោយការតោងភ្ជាប់ដោយទងផ្ចិតជាប់ទៅនឹងមែកឈើ ឬខ្សែអ្វីមួយ ក្នុងទឹកសមុទ្រ។ គ្រំចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។ តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ។ រីឯ កាក់សំណល់ និងសំបកគ្រំចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ។ សូមបញ្ជាក់ថាកន្លងមកក្រសួងបរិស្ថានបានលើកទឹកចិត្ត ដល់សហគមន៍បង្កើនការចិញ្ចឹមគ្រំចំពុះទា ស្របពេលដែលតម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និង សេដ្ឋកិច្ចគ្រួសារកាន់តែល្អប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង