ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីជម្រុញអោយម្ចាស់អាជីវកម្មដ្ឋានដែលដាក់តាំងស្លាកយីហោជាភាសាបរទេស ប្រញ៉ាប់ ផ្លាស់ប្តូរចេញជាបន្ទាន់ ដោយទុកឱសាន្តវាទរយៈពេល១ខែ

107
ភ្នំពេញ៖ ការដាក់តាំងស្លាកយីហោរបស់អាជីវកម្មដ្ឋាន នានា នាពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានមើលឃើញថា មានម្ចាស់អាជីវកម្មដ្ឋាន ជាច្រើន បានដាក់តាំងស្លាកយីហោ អាជីវកម្មដ្ឋាន ជាភាសារបរទេស ដូចជាភាសាអង់គ្លេស ចិន និងកូរ៉េជាដើម ដោយគ្មានអក្សរខ្មែរ ឬ អក្សរខ្មែរនៅពីខាងលើ តាមការកំណត់ របស់ច្បាប់។ ដូច្នេះទេរដ្ឋបាលរាជធានីសូមអោយម្ចាស់អាជីវកម្មដ្ឋានដែលដាក់តាំងស្លាកយីហោជាភាសាបរទេសទាំងអស់ ប្រញ៉ាប់ផ្លាស់ប្តូរចេញជាបន្ទាន់ ដោយទុកឱសាន្តវាទរយៈពេល១ខែ ។បើមិនដូច្នោះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការផ្លូវច្បាប់ហើយ។
   នេះបើតាមប្រសាសន៍របស់លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំ ស្តីពី ការណែនាំ និងការលុបបំបាត់ ការប្រើប្រាស់ ការជួញដូរ និងការចែកចាយគ្រឿងញៀន តាមបណ្តាក្លឹបកំសាន្ត និងអាជីវកម្មដ្ឋាន ក្នុងវិស័យទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានម្ចាស់ និង តំណាងអាជីវកម្មដ្ឋាន ចូលរួមប្រមាណជិត៥០០នាក់។
   លោកបន្តថា កន្លងមកនេះ ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋាបលរាជធានីភ្នំពេញ ធ្លាប់បានចេញសារាចរណែនាំ អំពី ការដាក់តាំងស្លាកយីហោអាជីវកម្មដ្ឋាននេះ ប៉ុន្តែនៅមានម្ចាស់អាជីវកម្មដ្ឋានមួយចំនួននៅមិនព្រមគោរពនិងអនុវត្តតាម ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ពេលទុកឱ្យ២សប្តាហ៍ សម្រាប់ម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ដែលដាក់តាំងយីហោជាភាសាអង់គ្លេស ចិន ធ្វើការកែប្រែ ដោយដាក់អក្សរខ្មែរនៅខាងលើវិញ ហើយបើចង់ដាក់អក្សរបរទេស ត្រូវដាក់ខាងក្រោម និងមានទំហំតូចជាងអក្សរខ្មែរ១ភាគ២។
   លោក ហួត ហៃ បានបញ្ជាក់ទៀតថា បន្ទាប់ពីដាក់ឱសាន្តវាទនេះតទៅ នឹងចាត់ក្រុមការងារ ចុះពិនិត្យមើល បើរកឃើញថា ម្ចាស់អាជីវកម្មដ្ឋាន ណាមិនគោរព និងមិនអនុវត្តតាមនោះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការផ្លូវច្បាប់។ ក្រៅពីនោះ លោក ហួត ហៃ ក៏បានជម្រុញឱ្យមានការស្នើសុំអាជ្ញាប័ណ្ណ សម្រាប់បង្កើតអាជីវកម្ម និងបន្តសុពលភាពសម្រាប់អ្នកដែលបានស្នើសុំរួចហើយ ឱ្យបានរួសរាន់ ដោយមកដាក់ពាក្យស្នើសុំនៅតាមច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ នៅអគារថ្មី និងត្រូវបង់កម្រៃទៅតាមច្បាប់កំណត់ ។ សម្រាប់ការស្នើសុំប្រកបអាជីវកម្ម និងសុំបន្តអាជីវកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ទុករយៈពេល១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ១ខែក្រោយក្រុមការងារនឹងចុះទៅត្រួតពិនិត្យអាជីវកម្មដល់ទីតាំងជាក់ស្តែង បើពុំមានលិខិតអនុញ្ញា ឬ អាជ្ញាបណ្ណទេ ម្ចាស់អាជីវកម្មទាំងនោះ ប្រឈមនឹងបិទទ្វារអាជីវកម្មតែម្តង៕


អត្ថបទដែលជាប់ទាក់ទង