គម្រោងហិរញ្ញប្បទានឥត សំណងសម្រាប់ការពារទឹកជំនន់និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤បានបញ្ចប់ហើយ
ភ្នំពេញ៖ បេសកម្មក្នុងការដោះស្រាយបញ្ហាជន់លិច លើគម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការការពារទឹកជំនន់និងការកែលម្អប្រព័ន្ធប្រឡាយ–លូ ក្នុងរាជធានីភ្នំពេញ (ជំហានទី ៤) ត្រូវបានបញ្ចប់ ។
នេះបើតាមការបញ្ជាក់អោយដឹងពីការិយាល័យចៃកាប្រចាំនៅកកម្ពុជា ។ ចៃកា បានអោយដឹងថា ចាប់តាំងពីឆ្នាំ១៩៩៨មក JICAបានផ្តល់កិច្ចសហប្រតិបត្តិការដល់ទីក្រុងភ្នំពេញ ក្នុងការកាត់បន្ថយផលប៉ះពាល់ដោយការជន់លិច។ JICAបានគាំទ្រក្នុងការបង្កើតផែនការមេ និងធ្វើបច្ចុប្បន្នភាពផែនការមេនេះដើម្បីកំណត់យកគម្រោងអាទិភាព ក្នុងនោះមានហិរញ្ញប្បទានឥតសំណងចំនួន៤ជំហានដូចជា គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ–លូ ជំហានទី១ ទី២ និងទី៣ ដែលគ្របដណ្តប់លើតំបន់អាគ្នេយ៍ ឥសាន្ត និងកណ្តាលនៃទីក្រុង។
គម្រោងជំហានទី៤ ដែលបានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ នឹងត្រូវបញ្ចប់ជាស្ថាពរ។ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំដើម្បីបញ្ចប់គម្រោងជាផ្លូវការ ដោយមានការចូលរួមពី តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារចៃកា ក្រុមហ៊ុនប្រឹក្សាCTI និងក្រុមហ៊ុនម៉ៅការសំណង់TOA។ គម្រោងដែលមានទឹកប្រាក់ចំនួនប្រមាណ ៣៦ លានដុល្លារអាមេរិចនេះមានវិសាលភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក។
គម្រោងបានបញ្ចប់ទំហំការងារដូចខាងក្រោម
១. តំឡើងប្រព័ន្ធលូសរុបប្រវែង ១២.២គីឡូម៉ែត្រ
២. សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយ៍បូមទឹកនៅសួនសាធារណៈខាងមុខ CDC
៣. តំឡើងម៉ាស៊ីនមេកានិច(ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ)ចំនួន៦នៅច្រកទ្វាស្ថានីយ៍បូមទឹក
៤– លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២
៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែទាំ។
ក្រោយពីគម្រោងនេះបានបញ្ចប់ វានឹងជួយកាត់បន្ថយបញ្ហាជន់លិចតាមរយៈការបញ្ចេញទឹកភ្លៀងតាមប្រព័ន្ធលូបានលឿនជាងមុននៅក្នុងរដូវវស្សា (ពីរយៈពេល១២–២៤ម៉ោង ទៅតិចជាង ២ម៉ោង)។ ដើម្បីធានាបាននូវប្រសិទ្ធភាពមុខងារប្រព័ន្ធលូដែលបានតំឡើងដោយគម្រោងនេះ យើងរំពឹងទុកថាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញនឹងចូលរួមចំណែកកាត់បន្ថយការខូចខាតដោយសារការជន់លិច ដោយចៀសវាងការបោះចោលសំរាមតាមដងផ្លូវដែលជាប្រភពចម្បងនាំអោយកកស្ទះប្រព័ន្ធលូ។
JICAសូមកោតសរសើរចំពោះភាគីពាក់ព័ន្ធក្នុងគម្រោងទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ បើទោះបីស្ថិតក្នុងពេលវេលាដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ–១៩ក៏ដោយ ហើយក៏សូមកោតសសើរចំពោះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់សម្រាប់ការយោគយល់និងគាំទ្រគម្រោងនេះតាំងពីដើមរហូតដល់បញ្ចប់៕