បំបែកសំណុំរឿងរំលោភសម្លាប់ ចាប់ជនដៃដល់ម្នាក់
បាត់ដំបង៖ ជនសង្ស័យម្នាក់ ដែលរំលោភ និងវាយសម្លាប់នារីម្នាក់ កំពុងអង្គុយឃ្វាលគោនៅទីវាល ត្រូវបានសមត្ថកិច្ចជំនាញ បំបែកសំណុំរឿង និងឈានទៅចាប់ខ្លួន ជនដៃដល់ មកផ្ទន្តាទោសតាមច្បាប់។
ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធី ពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រត្តិបត្តិការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆុន ឆាន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរួចសម្លាប់ ទៅលើជនរងគ្រោះឈ្មោះ ឆន សឿត ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ ។
នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ខែសីហានេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានថ្លែងថា ករណីរំលោភហើយសម្លាប់ បន្ទាប់ពីមានការរាយការណ៍របស់ប្រជាពលរដ្ឋ និងមានពាក្យប្តឹងរបស់ក្រុមគ្រួសារ របស់ជនរងគ្រោះ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដោយជោគជ័យ ។ ក្នុងការស្រាវជ្រាវដោយជំនាញ នៅព្រឹកថ្ងៃទី៣០ខែសីហាកម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាម្នាក់ ឈ្មោះ ឆុន ឆាន ភេទប្រុស អាយុ ២៤ឆ្នាំ និងបានចាប់ខ្លួនយកមកសាកសួរ ។ នៅថ្ងៃទី៣១ខែសីហានេះ ជនសង្ស័យបានសារភាពនូវទោសកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះ ។ បើតាមលោកស្នងការរង បានបញ្ជាក់ថា ជនសង្ស័យសារភាពថា នៅពេលថ្ងៃកើតហេតុ ក្នុងទីកន្លែងមានព្រៃតូច និងមានស្នុកចំបើងមួយ ដោយបានឃើញនារីរងគ្រោះកំពុងអង្គុយលេង ។ ក្នុងពេលនោះខ្លួនមានចេតនាមួយថានឹងចាប់នារីរងគ្រោះ រំលោភបាន ហើយខ្លួនក៏បានដើរចូលទៅ ហើយដណ្តើមយកកណ្តៀតពីដៃជនរងគ្រោះវាយទៅលើជនរងគ្រោះចំសៀតផ្កាបណ្តាលឲ្យសន្លប់ រួចចាប់ផ្តើមស្រាតខោ និងដោះអាវ នារីរងគ្រោះរំលោភបានសម្រេច ។ បន្ទាប់ពីរំលោភហើយ ជនបង្ក បានអូសនារីរងគ្រោះ ទៅមាត់ស្រះ ដែលមានចំងាយពីកន្លែងរំលោភប្រហែល៣ម៉ែត្រ ប៉ុន្តែដោយសង្ស័យខ្លាចនារីរងគ្រោះមិនទាន់ស្លាប់ ជនបង្កក៏យកដំបងគល់ឫស្សីធំមួយ វាយជនរងគ្រោះចំកញ្ចឹងក និងសៀតផ្កា រួចរុញនារីរងគ្រោះទម្លាក់ចូលទៅក្នុងទឹកស្រះ ហើយគេចខ្លួនមកស្នាក់នៅក្នុងផ្ទះធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនបង្ក បានសារភាពទទួលទោសកំហុសរបស់ខ្លួន ហើយបានស្នើដល់លោកស្នងការ និងតុលាការ ជួយសម្រាលទោសផង។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
លោកស្នងការរង បានក៏បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងមិនគួរឲ្យកូនស្រីទៅកន្លែងឆ្ងាយដាច់តែឯង ដូចជាកន្លែងឃ្វាលគោក្នុងទីស្ងាត់ ជាពិសេសូមគ្រប់គ្រងនិងតាមកូនស្រីជាប្រចាំ ចៀសវាងកើតឡើងដូចករណីនេះ ចំណែកបញ្ហាកូនប្រុសត្រូវតាមដានបញ្ហា បង្ករឿងព្រហ្មទណ្ឌ និងចាកឆ្ងាយពីបញ្ហាគ្រឿងញៀន ។ លោកក៏បានស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ប្រសិនបើមានករណីបទល្មើសកើតឡើង និងរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចជំនាញ ដើម្បីបំបែកសំណុំរឿង៕