ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់របងដេប៉ូខ្សាច់ សង្កត់លើផ្ទះពលរដ្ឋ ៨គ្រួសារ

48

 

ភ្នំពេញ ÷ របងដេប៉ូខ្សាច់មួយកន្លែងបានបាក់សង្កត់ពីលើផ្ទះប្រជាពលរដ្ឋចំនួន ៨ខ្នង ព្រមទាំងសម្ភារៈមួយចំនួនត្រូវបានរងការខូចខាត និងផ្ទះជិត១០ខ្នងផ្សេងទៀត កាលពីវេលាម៉ោង ៦និង០០នាទីយប់ ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមដងព្រែក ក្បែរផ្លូវជាតិលេខ៥ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទាំង៨គ្រួសារ ឲ្យដឹងថា ពួកគាត់បានមករស់នៅទីតាំងមាត់ព្រែក ក្នុងភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ នេះរយៈពេលជាង២០ឆ្នាំមកហើយ ពុំដែលមានបញ្ហាបាក់ស្រុត ឬបញ្ហាអ្វីផ្សេងៗនោះទេ។ ក្រោយមកដោយមានដេប៉ូខ្សាច់ដែលមិនស្គាល់ឈ្មោះ បានមកបើកនៅជាប់ផ្ទះរបស់ពួកគាត់ និងបានដាក់គ្រឿងចក្រ ឈូសឆាយព្រមទាំងបូមខ្សាច់ នៅទីតាំងជាប់ផ្ទះបានប្រហែលជាកន្លះខែប៉ុណ្ណោះ ដោយមុនពេលកើតហេតុ មានបញ្ហាហូរទឹកចេញពីដេប៉ូខ្សាច់ខាងលើ ចូលផ្ទះរបស់ពួកគាត់ជាបន្តបន្ទាប់ រហូតដល់ពួកគាត់សម្រេចចិត្តរាយការណ៍ សុំអន្តរាគមន៍ពីលោកមេភូមិ ភ្លាមៗក្រោយមកលោកមេភូមិ បានមកប្រាប់ម្ចាស់ទីតាំងដេប៉ូខ្សាច់ ឲ្យរកវិធីណាដើម្បីឃាំងទឹកកុំឱ្យហូរចូលផ្ទះរបស់ប្រជាពលរដ្ឋ ស្រាប់តែនៅវេលាម៉ោង៦ ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២១ របងហ៊ុំព័ទ្ធដេប៉ូខ្សាច់នោះក៏បានបាក់ស្រុតទាំងផ្ទាំងតែម្តង បានសង្កត់ទៅលើផ្ទះពួកគាត់ទាំង៨ខ្នង និងម៉ូតូជាច្រើនគ្រឿង រួមទាំងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត និងបណ្តាលឱ្យក្មេងម្នាក់អាយុ៥ឆ្នាំ រងរបួសស្រាលផងដែរ។
បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យ ក្រែងមានប៉ះពាល់ដល់អាយុជីវិតមនុស្ស។

ក្រោយមកនៅវេលាម៉ោ៩ជាងយប់ ក៏មានវត្តមាន ឯកឧត្តម ឃួង ស្រង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះទៅពិនិត្យដោយផ្ទាល់ ដោយពិនិត្យឃើញដូចនេះ ក៏បានចែកនៅភួយខ្នើយកន្ទេល និងសម្ភារៈមួយចំនួនទៀត ជូនទៅដល់ពលរដ្ឋដែលរងគ្រោះ។ បន្ទាប់មកឲ្យពួកគាត់បោះតង់ ស្នាក់នៅលើដេប៉ូខ្សាច់ជាបណ្តោះអាសន្នសិន រង់ចាំដំណោះស្រាយនៅពេលក្រោយ៕

 

 

អត្ថបទដែលជាប់ទាក់ទង