ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោក្រោយ​បោះឆ្នោត បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​លូ ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ​

75



​ភ្នំពេញ​៖ក្រោយបោះឆ្នោត​នៅ ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នា​សយ​ក​រដ្ឋមន្ត្រី​និង​ជា​អភិបាលខណ្ឌ​ដង្កោ​បានជា​អធិបតី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ប្រវែង ១៨៦​ម៉ែត្រ និង​ទទឹង​ប្រវែង ៨​ម៉ែត្រ និង​ដាក់​ប្រព័ន្ធ​លូ​មូល​រំដោះ​ទឹក ១​ខ្សែ ប្រវែង ២៨០​ម៉ែត្រ មុខកាត់ ០,៦​ម៉ែត្រ ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ​។​
ក្នុងឱកាស​នោះ លោក​អភិបាលខណ្ឌ បាន​នាំយក​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​ធ្វើការ​ថ្លែងអំណរគុណ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដើម្បី​បន្ត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី បន្ត​ថែរក្សា​សុខសន្តិភាព និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​បាន​រីកចម្រើន​បន្ថែមទៀត​។

លោក​អភិបាលខណ្ឌ បាន​ប្តេជ្ញា​អនុវត្ត ដោះស្រាយ​បញ្ហា​នានា​ដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ មុន​បោះឆ្នោត ឲ្យ​បាន​ជោគជ័យ ហើយ ផ្លូវ​បេតុង​ថ្មី និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក ដែល​បើក​ការដ្ឋាន​ស្ថាបនា​នៅពេលនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សំបួរ ព្រមទាំង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ បញ្ជៀ​ស​ការលិចលង់​នៅ​រដូវវស្សា និង​បង្កើន​សោ​ភណ្ឌ​ភាព នៃ​ការរស់នៅ​ផងដែរ​។​ជាមួយគ្នា លោក នុត ពុធ​ដា​រ៉ា ក៏បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​ក្នុងការ​ស្ថាបនា​ឲ្យ​បាន​ឆាប់​រួចរាល់ និង​ចូលរួម​ថែរក្សា​ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​។​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សំបួរ បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​គិតគូរ​ជួយ​ដល់​ពួកគាត់​កន្លងមក​ ដែល​បានគិត​គូរ​ដល់​ការលំបាក​របស់​ពួកគាត់ និង​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។

អត្ថបទដែលជាប់ទាក់ទង