អ្នកនាំពាក្យ៖ គួរឱ្យសោកស្ដាយ ដែលសេចក្តីស្នើច្បាប់ របស់សភាជាន់ទាប សហរដ្ឋអាមេរិក ផ្ដោតលើការទាក់ទណ្ឌកម្ម លើមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងថា ជាព័ត៌មានគួរឱ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា “ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ “H.R 4686” ផ្ដោតលើការទាក់ទណ្ឌកម្មលើមន្រ្ដីរាជ រដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលជាការ ចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែងគ្រាដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងនូវរបបនីតិរដ្ឋ ដែលជាកិច្ចប្ដេជ្ញារបស់ខ្លួន ដើម្បីសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។
អ្នកនាំពាក្យបន្តថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ ដ្បិតរដ្ឋាភិបាលអាមេរិក តំណាងដោយលោកជំទាវ Wendy Sherman អនុរដ្ឋមន្រ្ដីការបរទេស ទើបបានមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនា បង្ហាញយ៉ាងជាក់ស្ដែងនូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។
អាស្រ័យហេតុដូចនេះ សេចក្ដីស្នើច្បាប់នេះ ជាស្នូលនៃឧបសគ្គមួយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទោះបីក្នុងបរិបទទេ្វភាគីក៏ដូចជាពហុភា គី នៅក្នុងតំបន់អាស៊ាន ដែលជារឿងគួរសោកស្ដាយបំផុត៕