ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុង វេនកាន់បិណ្ឌទី៩ នៅវត្តលង្កា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ បងប្អូនជីដូនជីតា និង ញាត្តិកាទាំង៧សន្តាន

60

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ខ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តលង្កាកុសុមារាម ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍​ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងពិធីកាន់បិណ្ឌវេនទី៩នេះ លោកជំទាវកិត្តិសង្គហបណ្ឌិតព្រមទាំងមន្រ្តីរាជការ បាន នាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តលង្កាកុសុម៉ារាម ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ដោយបានរក្សាគម្លាត និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ និងបានចាត់ឲ្យក្រុមការងារនាំយកទេយ្យរវត្ថុប្រគេនព្រះសង្ឃចំនួន ៧វត្ត បន្ថែមទៀតផងដែរ។
បន្ទាប់មកលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាត្តិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ជាប្រចាំ ដើម្បីឈានទៅកាត់ផ្តាច់ឲ្យបាននូវឬសគល់ នៃជំងឺ កូវីដ- ១៩ ដែលកំពុងតែឆ្លងរាលដាលចូលទៅក្នុងសហគមន៍យើង។
សូមបញ្ជាក់ថា៖ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យ ដែលប្រជាជនខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់១៥រោចខែភទ្របទ។ ពីថ្ងៃ០១រោច ដល់១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ជាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង